ហ៊ូធី ឈានដល់ការវាយប្រហារចូលបរិវេណប្រធានាធិបតីយេម៉ែន
សាណា ៖ មន្ត្រីរដ្ឋាភិបាលយ៉េមែនបានឱ្យដឹងថា ក្រុមឧទ្ទាមហ៊ូធី កាលពីថ្ងៃព្រហស្បតិ៍ បានឈានដល់ការវាយប្រហារចូលបរិវេណវិមានប្រធានាធិបតី Maashiq ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Aden នាភាគខាងត្បូងប្រទេស។
បើតាមប្រភព ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters, ការវាយប្រហារទៅលើទីតាំង ដែលគេស្គាល់ថា ជាកន្លែងជួបជុំគណៈរដ្ឋមន្ត្រី រួមមានទាំងជាតំបន់ធ្វើការរបស់នាយករដ្ឋមន្ត្រីផងនោះ បានសម្លាប់ឆ្មាំសន្តិសុខចំនួន ២ នាក់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Moammar al-Eryani បានថ្លែងថា នាយករដ្ឋមន្ត្រីយេម៉ែន និងសមាជិកគណៈរដ្ឋមន្ត្រីដែលស្ថិតនៅក្នុងបរិវេណវិមានប្រធានាធិបតីនោះ មិនបានរងគ្រោះថ្នាក់អ្វីឡើយ។
លោកបានបន្ថែមថា ក្រុមហ៊ូធីបានបាញ់មីស៊ីលចំនួន ៥ គ្រាប់ទៅលើបរិវេណវិមាននេះ។
ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយក្រុមហ៊ូធី បានដកស្រង់សម្តីមន្ត្រីយោធាម្នាក់ ឱ្យដឹងថា ក្រុមនេះបានកំណត់គោលដៅលើទីបញ្ជាការប្រតិបត្តិការយោធាមួយ ដែលគ្រប់គ្រងដោយមន្ត្រីអារ៉ាប៊ីសាអូឌីត នៅក្នុងបរិវេណវិមាននោះ រួមទាំងឃ្លាំងអាវុធផងដែរ។
យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងទាំងនេះដោយឯករាជ្យបានទេ។
លោក Yahya Saree អ្នកនាំពាក្យយោធារបស់ក្រុមនេះ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារទៅលើអ្វីដែលលោកហៅថា ជាទីបញ្ជាការប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីត នៅទីក្រុងអាដេននោះ គឺជាផ្នែកមួយនៃគោលនយោបាយដែលក្រុមហ៊ូធីបានប្រកាសថា នឹងកំណត់គោលដៅលើការប្រមូលផ្តុំកម្លាំងយោធារបស់អារ៉ាប៊ីសាអូឌីត មិនថាពួកគេស្ថិតនៅទីណាក៏ដោយ។
មុននេះ សាក្សីចំនួន ៣ នាក់បានប្រាប់ Reuters ថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅក្បែរតំបន់វិមាននោះ៕
ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត
