ជប៉ុន កំពុងពិចារណាយ៉ាងម៉ឺងម៉ាត់ ជុំវិញការបញ្ជាទិញនាវាមុជទឹកនុយក្លេអ៊ែរ
តូក្យូ ៖ ជប៉ុនកំពុងពិចារណាយ៉ាងម៉ឺងម៉ាត់លើលទ្ធភាពបញ្ជាទិញ និងបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់កងកម្លាំងស្វ័យការពារជប៉ុន ខណៈសកម្មភាពយោធារបស់ប្រទេសជិតខាងកាន់តែកើនឡើង និងបង្កើនក្តីបារម្ភផ្នែកសន្តិសុខក្នុងតំបន់ ។
បើតាម Anadolu, នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងក្នុងសភាកាលពីថ្ងៃ ពុធ ថា រដ្ឋាភិបាលលោកស្រីនឹងពិនិត្យលទ្ធភាពបញ្ជាទិញ និងបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់កងកម្លាំងជប៉ុន ក្នុងលក្ខណៈជាក់ស្តែង និងផ្អែកលើការពិចារណាយ៉ាងម៉ឺងម៉ាត់ ។
លោកស្រី Takaichi និយាយថា កងកម្លាំងស្វ័យការពារជប៉ុនកំពុងប្រឈមមុខនឹងដែនកំណត់សំខាន់ៗ ក្នុងការប្រមូលព័ត៌មានសម្ងាត់ និងការឃ្លាំមើលសកម្មភាពនៅមហាសមុទ្រប៉ាស៊ីហ្វិក ។
ដូច្នេះ ការពង្រឹងសមត្ថភាពការពារជាតិ ជាពិសេសសមត្ថភាពប្រតិបត្តិការក្រោមទឹក គឺជាអាទិភាពបន្ទាន់របស់រដ្ឋាភិបាល ។
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏នឹងសិក្សាពីបទពិសោធន៍របស់ប្រទេសដៃគូ រួមមានអូស្ត្រាលី និងកូរ៉េខាងត្បូង ដើម្បីវាយតម្លៃថាតើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ អាចជួយពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ជប៉ុនបានកម្រិតណា ។
យ៉ាងណា ប្រទេសជប៉ុននៅតែប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់ ក៏ដូចជាគោលនយោបាយចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងវិស័យយោធា ។ ច្បាប់មូលដ្ឋានរបស់ជប៉ុន បានកំណត់ថា ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត ជប៉ុនក៏នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍នុយក្លេអ៊ែរចំនួន ៣ ចំណុច រួមមានហាមឃាត់ការកាន់កាប់, ការផលិត និងការអនុញ្ញាតឱ្យនាំចូលអាវុធនុយក្លេអ៊ែរ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
