អ៊ុយក្រែន បាញ់មីស៊ីលកម្ទេចយន្តហោះទម្លាក់គ្រាប់បែកចំនួន ៦ គ្រឿងរបស់ រុស្ស៊ី
កៀវ ៖ អ៊ុយក្រែនបានបាញ់មីស៊ីលវាយកម្ទេចយន្តហោះទម្លាក់គ្រាប់បែក Su-34M ចំនួន ៦ គ្រឿងរបស់រុស្ស៊ី នៅឯមូលដ្ឋានកងទ័ពអាកាស Borisoglebsk ក្នុងតំបន់ Voronezh ភាគនិរតីនៃប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃ ព្រហស្បតិ៍ នេះបើតាមរបាយការណ៍របស់កងទ័ពជើងទឹកអ៊ុយក្រែន ។
យោធាជើងទឹកអ៊ុយក្រែន បានឱ្យដឹងថា ការវាយប្រហារនេះ ធ្វើឡើងដោយប្រើប្រព័ន្ធមីស៊ីល Neptune ដែលត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការវាយប្រហារពីតំបន់ឆ្នេរ ។
ក្រៅពីយន្តហោះទម្លាក់គ្រាប់បែក ការវាយប្រហារនេះក៏បានបង្កការខូចខាតដល់ឧបករណ៍បច្ចេកទេសដែលគាំទ្រដល់ប្រតិបត្តិការហោះហើរ ព្រមទាំងធ្វើឱ្យមានអគ្គិភ័យ និងការផ្ទុះបន្តបន្ទាប់នៅក្នុងមូលដ្ឋានអាកាសនោះផងដែរ ។
មីស៊ីល Neptune គឺជាប្រភេទមីស៊ីលនាំផ្លូវ ត្រូវបានរចនាឡើងដើម្បីកម្ទេចនាវាចម្បាំង និងនាវាដឹកជញ្ជូនយោធា ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានកែច្នៃបន្ថែមឱ្យមានសមត្ថភាពវាយប្រហារគោលដៅនៅលើដីគោកយ៉ាងមានប្រសិទ្ធភាព ។
ចំណែកយន្តហោះទម្លាក់គ្រាប់បែក Su-34M ជាប្រភេទយន្តហោះធ្វើទំនើបកម្មថ្មី ចេញពីយន្តហោះសេរីចាស់ Su-34 ដែលរុស្ស៊ីប្រើប្រាស់ជាចម្បងសម្រាប់វាយប្រហារទីតាំងយោធា ដោយទម្លាក់គ្រាប់បែកមានប្រព័ន្ធនាំផ្លូវពីលើអាកាស ។
ទន្ទឹមគ្នា យោធាអ៊ុយក្រែនរំពឹងថា ការវាយប្រហារនេះ នឹងធ្វើឱ្យសមត្ថភាពប្រយុទ្ធតាមអាកាសរបស់រុស្ស៊ីចុះខ្សោយ ។ យ៉ាងណា ខាងភាគីរុស្ស៊ីមិនបានប្រកាសទទួលចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើមូលដ្ឋានកងទ័ពអាកាស Borisoglebsk នោះទេ ៕
ប្រភព ៖ The Moscow Times ប្រែសម្រួល ៖ ឈឹម ទីណា
