សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តថ្មីសិរីសិក្ខារាម ហៅវត្តតាអាំ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្លែងក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា រួមនឹងសមិទ្ធផលនានា ក្នុងវត្តថ្មីសិរីសិក្ខារាម ហៅ វត្តតាអាំ ស្ថិតនៅភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៦ មេសានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា យើងទាំងអស់គ្នានៅតែបន្តខិតខំប្រឹងប្រែងក្នុង ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែក ពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ដោយយើងប្តេជ្ញាបន្តការពារការ គោរព និងលើកស្ទួយតម្លៃព្រះពុទ្ធសាសនាជាដរាប ធ្វើយ៉ាងណាឱ្យកម្លាំងដ៏មានឥទ្ធិពលនៃ ព្រះពុទ្ធសាសនាបន្តស្ថិតនៅ និងជ្រួតជ្រាបក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរ។ លើសពីនេះ យើងត្រូវរួមគ្នាលើកកម្ពស់តម្លៃសីលធម៌សង្គម គុណធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់ និងសម្បូរបែបរបស់ខែ្មរយើងឱ្យបានល្អប្រសើរ និងស្ថិតស្ថេរគង់វង្សយូរអង្វែង។
សម្តេចប្រធានរដ្ឋសភាបានបន្តថា យើងបានខិតខំធ្វើឱ្យវត្តអារាមក្លាយជាមជ្ឈមមណ្ឌល ជីវភាពខាងស្មារតី ដែលសកម្មចូលរួមការអភិវឌ្ឍសង្គមខាងផ្នែកវប្បធម៌ អប់រំ សង្គមកិច្ច និង សីលធម៌សង្គម ព្រមទាំងពង្រឹងសុខុដុមនីយកម្ម រវាងគ្រប់សាសនា រាំងស្កាត់ការធ្វើអាជីវកម្ម លើសាសនា ប្រឆាំងការរើសអើង បែងចែក ក្នុងចំណោមប្រជាជន ហើយថា ជាការចាំបាច់ ណាស់ដែលត្រូវប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លាក្នុង ការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
ក្នុងពិធីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវបងប្អូនជនរួមជាតិឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាពក្នុងរដូវក្តៅហួតហែងនេះ ពិសេសក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពសង្គម តាមរយៈការ ថែរក្សាសុខភាព ដូចជាធ្វើអនាម័យខ្លួនប្រាណ ចំណីអាហារ ចូលរួមការពារជំងឺឆ្លង ក្នុងមូលដ្ឋានរបស់ខ្លួនជាដើម។ ទន្ទឹមនេះ សម្តេចបានក្រើនរំឭកចំពោះអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាធ្វើអន្តរាគមន៍ ឲ្យទាន់ពេលវេលា ដោះស្រាយបញ្ហាចំពោះមុខដូចជា គ្រោះធម្មជាតិមាន គ្រោះរាំងស្ងួតជាដើម ដោយដោះស្រាយបញ្ហាទឹកជូនបងប្អូនប្រជាពលរដ្ឋ ដែលទន្ទឹមនេះដែរ តំបន់ខ្លះបានចាប់ផ្តើមមាន ភ្លៀងធ្លាក់លាយឡំមកជាមួយខ្យល់កន្រ្តាក់ ដែលនំាឲ្យខូចខាតផ្ទះសម្បែងប្រជាជនយើង។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយគ្រាន់តែក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩នេះ មានអ្នកស្លាប់ជាង៥០០នាក់ទៅហើយ រួមនឹងមានអ្នករងរបួស និងដូចខាតមធ្យោបាយធ្វើដំណើរ ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀតដ៏គួរឲ្យ សោកស្តាយបំផុត។ ដូច្នេះ សូមអ្នកប្រើប្រាស់ដងផ្លូវត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ដោយមិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹង បើកបរដោយការធ្វេសប្រហែស និងបើកបរដោយការប្រមាថនោះទេ។
សូមជម្រាបជូនថា វត្តថ្មីសិរីសិក្ខារាម ហៅវត្តតាអាំ ស្ថិតនៅភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាវត្តថ្មី កសាងឡើងកាលពីឆ្នាំ២០០៨ ក្រោមគំនិតផ្តួចផ្តើម និងការជួយឧបត្ថម្ភគាំទ្រដ៏ខ្អង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ហើយ ចំពោះឧបដ្ឋានសាលា រួមនិងសមិទ្ធផលនានាក្នុងវត្ត ដែលបានធ្វើពិធីបុណ្យឆ្លងនាពេលនេះ មានតម្លៃជាង១សែនដុល្លារអាម៉េរិក ហើយក៏នៅមានសមិទ្ធផលចាំបាច់មួយចំនួនទៀតដូចជា ព្រះវិហារជាដើម ក៏នឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់ផងដែរ៕ម.ន