ពលរដ្ឋដែលត្រូវអគ្គិភ័យឆេះផ្ទះនៅសង្កាត់ស្វាយប៉ាក ទទួលអំណោយពី កាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ
ភ្នំពេញ៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឬស្សីកែវ បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណារិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាទឹក និងភ្លើងជាបន្ទាន់ភ្លាមៗ ជូនប្រជាពលរដ្ឋចំនួន២គ្រួសារប្រើប្រាស់បណ្ដោះអាសន្ន ក្រោយពីផ្ទះរបស់ពួកគាត់ និងសម្ភារផ្សេងៗ ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់។
លោក លោក ស៊ូ សោគន្ធ បានចាត់ចែងមន្ត្រីយ៉ាងដូច្នេះ ក្នុងនាមលោកជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌ រួមដំណើរដោយសហការីមួយចំនួន នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាមួយចំនួនរបស់អនុសាខាខណ្ឌ ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយសារមហន្តរាយអគ្គិភ័យឆេះផ្ទះចំនួន០២ខ្នង ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុ្ងងសកម្មភាពមនុស្សធម៌នេះ លោក ស៊ូ សោគន្ធ បានថ្លែងថា ទោះបីជាមានការយឺតយ៉ាវក្នុងការជួយសង្គ្រោះបន្តិចមែន ប៉ុន្តែនៅទីណាដែលមានប្រជាពលរដ្ឋជួបការលំបាក ឬជួបរាល់ហានិភ័យផ្សេងៗ នៅទីនោះតែងតែមានវត្តមានរបស់កាកបាទក្រហមកម្ពុជាជានិច្ច ដោយនេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ និងការផ្ដួចផ្ដើមចេញពីការផ្ដាំផ្ញើរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យក្រុមការងារចាំជួយបងប្អូនជានិច្ច ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
សូមជម្រាបថា អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះនាពេលនេះរួមមាន៖ អង្ករ៣០គីឡូក្រាម ចានដែក ឆ្នាំងបាយ ខ្ទះឆា វែក ចង្ក្រានហ្គាស បំពង់ទឹកក្ដៅ ចានស្រាក់ ធុងទឹកកក មី ទឹកត្រី ទឹកស៊ីអ៊ីវ ម៊ុង ភួយ កន្ទេល ខ្នើយ និងថវិកាក្នុង១គ្រួសារ១សែនរៀល៕ធ.ដ