លោក ត្រាំ ប្រមាថអ្នកសារព័ត៌មាន CNN និង ABC News នៅឯសេតវិមាន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានជេរប្រមាថដល់អ្នកសារព័ត៌មានមកពី ស្ថាប័ន CNN និង ABC News នៅឯសេតវិមាន។

ខណៈពេលកំពុងឆ្លើយសំណួរ នៅខាងក្រៅសេតវិមាន, លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃ ទៅលើអ្នកស្រី Kaitlan Collins ដែលជាអ្នកយកព័ត៌មានជាន់ខ្ពស់ របស់ CNN ហើយ ក៏ជាបុគ្គលម្នាក់ដែលលោក ត្រាំ តែងតែវាយប្រហារជាញឹកញាប់។

ការរិះគន់នេះបានកើតឡើង នៅពេលដែលអ្នកស្រីព្យាយាមសួរអំពីការសម្រេចចិត្ត របស់លោក ត្រាំ ក្នុងការលើកលែងទណ្ឌកម្មលើប្រទេសរុស្ស៊ី។

លោក ត្រាំ ឆ្លើយថា «ខ្ញុំមានសិទ្ធិអនុវត្តវិធានការទាំងនោះ នៅថ្ងៃណាក៏បានដែរ»។ ពេលលោកប្រធានាធិបតីបានចាប់ផ្តើមថ្លែងបកស្រាយបន្ថែម ក៏ត្រូវបានលោកស្រី Collins និយាយកាត់។ ក្រោយមក លោកបាននិយាយទៅកាន់អ្នកស្រី Collins ថា «អ្នកជាមនុស្សដែលមានកម្រិតបញ្ញាទាប អ្នកជាមនុស្សល្ងង់ ហើយអ្នកធ្វើការឱ្យ CNN»។

បន្ទាប់មកទៀត, លោក Trump ក៏សំដៅទៅលើអ្នកយកព័ត៌មានម្នាក់ទៀត របស់ ABC News ដែលបានសួរដេញដោលលោក អំពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីផងដែរ។

អ្នកយកព័ត៌មានរូបនោះបានសួរ អំពីការលុបចោលទណ្ឌកម្មលើរុស្ស៊ី ដើម្បីដោះដូរយកការដោះលែង អ្នកទោសម្នាក់។ លោក Trump ក៏បានសួរតបវិញថា «តើអ្នកជាមនុស្សល្ងង់មែនទេ? តើអ្នកធ្វើការឱ្យនរណា?»។

នៅពេលដែលអ្នកយកព័ត៌មានរូបនោះឆ្លើយថា ធ្វើការនៅ «ABC News», លោក Trump ក៏បានរិះគន់ស្ថាប័នព័ត៌មាននោះយ៉ាងខ្លាំង។

លោកបាននិយាយថា «អ្នកជាមនុស្សល្ងង់ ហើយមួយវិញទៀត ស្ថាប័នព័ត៌មានរបស់អ្នកគឺជាស្ថាប័នដែលអន់បំផុតក្នុងចំណោមស្ថាប័នទាំងអស់»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner