អ៊ីរ៉ង់ ថា នាវា ៧ គ្រឿងត្រូវបានវាយប្រហារ ហើយ ព្រមានអាមេរិកថា អាចនឹងមានការឆ្លើយតប ទ្រង់ទ្រាយធំជាងនេះ

តេហេរ៉ង់ ៖ កងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC បានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា មាននាវាចំនួន ៧ គ្រឿងត្រូវបានវាយប្រហារ ហើយឆ្លៀតព្រមានសហរដ្ឋអាមេរិកថា អាចនឹងមានការឆ្លើយតប ក្នុងទ្រង់ទ្រាយធំជាងនេះ។ នេះបើតាមការចេញផ្សាយរបស់ Reuters។

កងកម្លាំងឆ្មាំបដិវត្តន៍ IRGC បានប្រកាស ថា នាវាចំនួន ៤ គ្រឿង ដែលពាក់ព័ន្ធនឹងការផ្ទេរប្រេងដោយខុសច្បាប់នៅភាគខាងជើងនៃឈូងសមុទ្រពែរ្ស ត្រូវបានវាយប្រហារក្នុងពេលដំណាលគ្នា និងឆាបឆេះឡើង បន្ទាប់ពីត្រូវបានកងកម្លាំងរបស់ខ្លួនតាមដាន កាលពីថ្ងៃពុធ។

កងកម្លាំង IRGC បានបន្ថែមថា មាននាវាចំនួន ៣ គ្រឿងទៀតបានប៉ះជាមួយមីនសមុទ្រ នៅភាគខាងលិចនៃច្រកសមុទ្រហ័រមូស ហើយបានព្រមានយោធាសហរដ្ឋអាមេរិកថា ប្រសិនបើនៅតែបន្តមានសកម្មភាពបង្កហេតុទៀតនោះ វាអាចនឹងនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយធំជាងនេះ ប្រឆាំងនឹងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

សង្គ្រាមអ៊ីរ៉ង់ បានបន្តអស់រយៈពេលជាង ៧ខែមកហើយ ដែលជំរុញឱ្យតម្លៃថាមពលសកលកើនឡើងយ៉ាងគំហុក ខណៈចរាចរណ៍ប្រេងពាណិជ្ជកម្មតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រត្រូវបានបញ្ឈប់ ។

យ៉ាងណា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលពីខែមិថុនា បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា ដើម្បីបញ្ឈប់អរិភាព និងបើកផ្លូវសម្រាប់ការចរចា ។ ប៉ុន្តែ ការអនុវត្តកិច្ចព្រមព្រៀងនេះ បានជាប់គាំងចាប់តាំងពីពេលនោះមក ហើយក្នុងចំណោមលក្ខខណ្ឌដែលមិនចុះសម្រុងគ្នានោះ រួមមានបញ្ហាសន្តិសុខ និងការធ្វើនាវាចរណ៍នៅច្រកសមុទ្រ ហ័រមូស ៕

ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner