ឯកឧត្តម សាយ សំអាល់ កំណត់ទិសដៅយុទ្ធសាស្ត្រសំខាន់ៗដើម្បីអភិវឌ្ឍខេត្តកំពត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបន្តពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ដែលបានដាក់ចេញកន្លងមក និងផ្តល់អនុសាសន៍បន្ថែម ដើម្បីតម្រង់ទិសការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ថ្លែងក្នុងកិច្ចប្រជុំជីវភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីការរៀបចំដែនដី និងជំរុញសក្តានុពលសេដ្ឋកិច្ចខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលសេដ្ឋកិច្ចខ្ពស់លើវិស័យទេសចរណ៍ កសិឧស្សាហកម្ម និងរ៉ែ។ ដូច្នេះ ក្រុមការងារ និងអាជ្ញាធរដែនដី ត្រូវរួមគ្នាខិតខំអភិវឌ្ឍ និងពង្រីកសក្តានុពលទាំងនេះឱ្យអស់លទ្ធភាព ។
ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់លើការរៀបចំក្រុង កែលម្អសោភណភាព និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលជាកត្តាស្នូលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ពាក់ព័ន្ធការលើកកម្ពស់គុណភាពជីវិត វិស័យអប់រំ និងសុខាភិបាលវិញ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបន្តគិតគូរលើការរៀបចំសាលារៀន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតប្រជាជន ដូចជារៀបចំថ្នាក់រៀន ទីធា្លសាលា បន្ទប់ទឹក អាហារដ្ឋាន និងដាំដើមឈើជាដើម។
ជាមួយគ្នានេះ ឯកឧត្តមអំពាវនាវឲ្យមានការពង្រឹងគុណភាពសេវាសាធារណៈ ក្នុងវិស័យអប់រំ និងសុខាភិបាល ដោយត្រូវចុះពិនិត្យ កែលម្អ ជួសជុលអគារសិក្សា និងមន្ទីរពេទ្យ/មណ្ឌលសុខភាព។ លើសពីនេះ ត្រូវធានាឱ្យបាននូវការផ្គត់ផ្គង់សេវាសំខាន់ៗ ដូចជា ទឹកស្អាត និងអគ្គិសនី ឱ្យបានគ្រប់គ្រាន់ និងមានស្ថិរភាពជូនដល់ប្រជាពលរដ្ឋ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានជំរុញ និងគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានផ្លែផ្កានៃការអភិវឌ្ឍ។ ឯកឧត្តមបានណែនាំឱ្យអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលមកក្នុងប្រព័ន្ធវិញ។ ការធ្វើបែបនេះនឹងជួយឱ្យពួកគាត់ងាយស្រួលទទួលបានការគាំទ្រ ជំនួយបច្ចេកទេស និងអត្ថប្រយោជន៍ផ្សេងៗពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។
ជាមួយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ៕


អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ