ជនល្មើសឆបោកតាមបច្ចេកវិទ្យាជាង ៥ ៧០០នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនរង់ចាំការផ្តន្ទាទោសតាមច្បាប់

ក្នុងរយៈពេល៣ខែចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបញ្ជូនសំណុំរឿងឆបោកតាមអនឡាញចំនួន ៥២៩ករណី ពាក់ព័ន្ធនឹងទីតាំងចំនួន ៩៩៦កន្លែង។ ក្នុងនោះ ជនសង្ស័យចំនួន ៥ ៧៧៨នាក់ មានច្រើនសញ្ជាតិ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ដើម្បីបន្តនីតិវិធីតាមច្បាប់។ ជនសង្ស័យទាំងនោះមានមេក្លោង អ្នកផ្តើមគំនិត និងអ្នកសមគំនិត។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ឱ្យដឹងថា ក្រៅពីការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ អាជ្ញាធរកម្ពុជាក៏កំពុងស្រាវជ្រាវសកម្មភាពប្រព្រឹត្តិបទល្មើសឆបោកក្នុងទីតាំងកាស៊ីណូ និងល្បែងភ្នាល់តាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត។

ជាលទ្ធផល ទីតាំងកាស៊ីណូដែលប្រព្រឹត្តបទល្មើសមានចំនួន ២៨ ទីតាំង ត្រូវបានរកឃើញ ដែលកំពុងស្ថិតក្នុងសំណុំរឿងស៊ើបអង្កេតខាងលើ។

ជាមួយគ្នានេះ សមត្ថកិច្ចបានបញ្ជូនជនបរទេសចំនួនជិត ២ម៉ឺន ៣ពាន់នាក់ មាន ៤០ សញ្ជាតិ ភាគច្រើនជាអ្នកចាញ់បោកការលួងលោមរបស់ក្រុមមេខ្លោងឧក្រិដ្ឋជនឆបោក ឱ្យត្រលប់ទៅប្រទេសកំណើតខ្លួនវិញស្របតាមច្បាប់អន្តោប្រវេសន៍ និងនិយាមមនុស្សធម៌អន្តរជាតិ។

ជាងនេះទៅទៀត តុលាការកម្ពុជាបានបង្កកប្រាក់នៅក្នុងគណនីធនាគារបានសរុបជាង ៣០០ លានដុល្លារអាម៉េរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិជាចលនវត្ថុ និងអចលនវត្ថុជាច្រើនផ្សេងទៀត ដែលត្រូវបានប៉ាន់ស្មានមានតម្លៃរាប់រយលានដុល្លារអាម៉េរិក។ ទ្រព្យសម្បត្តិទាំងអស់នេះ គឺជាមធ្យោបាយប្រព្រឹត្តបទល្មើស និងជាផលនៃបទល្មើស។

ពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ដែលមានលោក ចេន ហ្ស៊ី (CHEN ZHI) ជាមេខ្លោង ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានរកឃើញក្រុមហ៊ុនពាក់ព័ន្ធចំនួន ៩៨ក្រុមហ៊ុន និងបណ្តាញក្រុមហ៊ុននៅក្រៅប្រទេសចំនួន ១០០ក្រុមហ៊ុន។ តុលាការកំពុងបន្តនីតិវិធីស៊ើបសួរលើសំណុំរឿងនេះ។

បច្ចុប្បន្ន តុលាការបានចេញដីកាចាប់ខ្លួនជនត្រូវចោទ ៣២នាក់ ខណៈមេខ្លោង ៦នាក់ត្រូវបានចាប់ខ្លួនរួចហើយ។ ចំពោះជនសង្ស័យ ២៩នាក់ដែលកំពុងគេចខ្លួននៅក្រៅប្រទេស សមត្ថកិច្ចកម្ពុជាកំពុងស្នើសុំដាក់ក្នុងបញ្ជីក្រហម INTERPOL ដើម្បីនាំខ្លួនមកអនុវត្តច្បាប់។
ចំណែកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ដែលមានតម្លៃជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការបង្កក ហើយកំពុងពិនិត្យមូលដ្ឋានច្បាប់ និងភស្តុតាង ដើម្បីចាត់ចែងទ្រព្យទាំងនោះតាមនីតិវិធី រួមទាំងការរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ៕

សៅ សុខអេង

ads banner