ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង បិទបញ្ចប់ដោយជោគជ័យ ដោយមានអ្នកចូលរួមទស្សនាជិត ២៣ម៉ឺននាក់

ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ បានបិទបញ្ចប់ទៅដោយជោគជ័យបន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃ ប្រកប​ដោយបរិយាកាសសប្បាយរីករាយក្រៃលែង ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ។ ព្រឹត្តិការណ៍ថ្នាក់ខេត្តមួយនេះ មិនត្រឹមតែបានទាក់ទាញទូកប្រណាំងសរុបចំនួន ៨០ទូក ឱ្យមកចូលរួមប្រកួត​ប្រជែងយ៉ាង​ស្វិតស្វាញប៉ុណ្ណោះទេ ប៉ុន្តែក៏បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យចូលរួមទស្សនាកម្សាន្តរហូតដល់ទៅប្រមាណ ២៣ម៉ឺននាក់​ផងដែរ។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក នៅតាមបណ្តោយមាត់ទន្លេចុងប៉ម ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ ព្រឹត្តិការណ៍នេះ បានរៀបចំ​ឡើង​ស្រប​តាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការត្រៀមលក្ខណៈអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។

តាមរបាយការណ៍របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ការប្រណាំងទូក ង ឆ្នាំ២០២៦នេះ មានទូកចូលរួម​ប្រកួតសរុបចំនួន ៨០ទូក មកពីបណ្តារាជធានី-ខេត្ត រួមមានក្រុង-ស្រុកចំនួន ៦ ក្នុងខេត្តព្រៃវែង និងមកពីខេត្តកណ្តាល ដោយបាន​ទាក់ទាញ​អ្នកមកទស្សនាកម្សាន្តសរុបប្រមាណ ២៣ម៉ឺននាក់។ ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងប្រកបដោយ​ស្មារតីកីឡា​រយៈពេល ២ថ្ងៃពេញ គណៈកម្មការបានរកឃើញទូកជ័យលាភីជាច្រើនក្នុងបរិយាកាសកក់ក្តៅ និងយុត្តិធម៌។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តព្រៃវែង ក្រុមហ៊ុនវឌ្ឍនៈ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងសកម្ម រហូតធ្វើឱ្យកម្មវិធីទាំងមូលដំណើរការទៅដោយ​រលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់គណៈកម្មការ និងកីឡាករទូក ង ទាំងអស់ ត្រូវបន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពបទបញ្ជាការប្រកួតឱ្យបានខ្ជាប់ខ្ជួន ដើម្បីនាំយកកិត្តិយស និងជ័យជម្នះជូនស្រុកភូមិ និងខេត្ត ដោយឈរលើស្មារតីយុត្តិធម៌ និងមិត្តភាព។ ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ជាតិ និងពង្រឹងសាមគ្គីភាពក្នុងសង្គមខ្មែរ៕
ដោយ៖ នុត នាង

ads banner