ស្រ្តីទី១នៃកម្ពុជាត្រៀមស្បៃខ្មែរ ជូនប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទីមួយនៃកម្ពុជា បានត្រៀមស្បៃខ្មែរ ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនដល់មេដឹកនាំកំពូលមកពីបណ្តាប្រទេសនានា ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ នាខែវិច្ឆិកាខាងមុខ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហោះរូបជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរយ៉ាងដូច្នេះ៖ «ឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ, របៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ »។
ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀតថា ពិតណាស់ ស្បៃ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បញ្ជាក់ថា ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬសរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬគោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ និងទី១៦ ខែវិចិ្ឆកាខាងមុខ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីមេដឹកនាំនៃបណ្តាប្រទេសនិយាយភាសាបារាំង រួមទាំងលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងផងដែរ។
ក្រៅពីកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរ គឺ ភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច។ ការរៀបចំព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក៕
ខន ណារី AMS



