៩ខែឆ្នាំនេះ ក្រសួងមហាផ្ទៃទទួលបណ្ដឹងជាង១ពាន់ ភាគច្រើនពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការ
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃទទួលបានពាក្យបណ្ដឹងសរុប ១ ០៣១បណ្ដឹង ក្នុងនោះបានចាត់ការពិនិត្យសិក្សាចំនួន ៩០១បណ្ដឹង និងដោះស្រាយបាន ៨៦៣បណ្ដឹង។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ គឺកើនឡើង ៣២០បណ្ដឹង ស្មើនឹង៥៥ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គាធិការរដ្ឋានក្រសួងមហាផ្ទៃ។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមបណ្តឹងទាំងនោះ បណ្តឹងប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋមានចំនួន ១២២បណ្ដឹង, ប្រជាពលរដ្ឋជាមួយមន្ត្រីរាជការមានចំនួន ២៣៨បណ្ដឹង មន្ត្រីរាជការជាមួយមន្ត្រីរាជការមានចំនួន ៧បណ្ដឹង ប្រជាពលរដ្ឋជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃមានចំនួន ១៣បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការមានចំនួន ៥២១បណ្ដឹង។
ពាក្យបណ្តឹងទាំងអស់ខាងលើនេះ គឺទទួលបានតាមរយៈបណ្តាញសង្គម សារព័ត៌មាន តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬតាមរយៈការដាក់ពាក្យបណ្ដឹងផ្ទាល់មកក្រសួងមហាផ្ទៃជាដើម៕
សេង បារាំង AMS