សម្តេចធិបតី៖ កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែននិងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃនេះគឺគម្រប់ខួប ១ឆ្នាំ នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ – ២៦ តុលា ២០២៦។ កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ខ្ញុំក៏យកឱកាសនេះ ដើម្បីធ្វើការថ្លែងនូវអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។
គួររម្លឹកឱ្យដឹងថា ខ្លឹមសារសំខាន់ៗនៃសេចក្តីថ្លែងការណ៍រួមនេះមាន៨ចំណុចដែលមានខ្លឹមសារដូចតទៅ៖
១. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសយើងទាំងពីរ ដូចដែលបានប្រកាសនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសូមគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះការចៀសវាងការគំរាមកំហែង ឬប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។
២. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។
៣. យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមានសមាសភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាន និងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ យើងសូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ានឱ្យផ្តល់ការគាំទ្រសមស្របដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យ។
៤. បន្ថែមលើនេះ យើងបានប្តេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
៥. នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរនឹងទទួលស្គាល់ថា អរិភាពសកម្មត្រូវបានបញ្ចប់។
៦. យើងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយជាយុទ្ធសាស្ត្រនិងពង្រឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងពីរ និងសហគមន៍អន្តរជាតិជារួម។
៧. យើងទទួលស្គាល់ពីភាពចាំបាច់ត្រូវកំណត់នូវមាគ៌ាសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ ដែលមិនជាប់ជំពាក់នូវចំណងជម្លោះពីអតីតកាល។ រដ្ឋាភិបាលទាំងពីរបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ លក្ខខណ្ឌទាំងនេះត្រូវបានបង្កើតឡើងសម្រាប់ឱ្យប្រទេសរបស់យើងមើលឆ្ពោះទៅមុខ ហើយចាប់ផ្តើមកសាងទំនាក់ទំនងជាអ្នកជិតខាងគ្នាស្របតាមខ្លឹមសារនិងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមនូវទំព័រថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ៕
ដោយ៖ពលជ័យ