សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ងល់ថា ហេតុអ្វីអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសមិនហ៊ាននិយាយពីករណីពលរដ្ឋថៃលែងអាចមូលមកធ្វើស្រែលើដី ១៣៨ ហិកតា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា ហេតុអ្វីក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេស ដែលតែងតែចោទប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើឱ្យបាត់បង់ទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ បែរជាមិនហ៊ាននិយាយអំពីករណីប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ លែងអាចចូលមកធ្វើកសិកម្មលើដីទំហំ ១៣៨ហិកតាដូចមុន បន្ទាប់ពីមានការសាងសង់របងបេតុងនៅចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់លេខ ៥៩។

តាមរយៈសារដែលបានបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីបានលើកឡើងថា ក្រុមអ្នកនយោបាយខ្មែរមួយក្រុមនៅក្រៅប្រទេស តែងចោទប្រកាន់រាជរដ្ឋាភិបាលដោយគ្មានឯកសារ ឬភស្តុតាងច្បាស់លាស់ថា បានធ្វើឱ្យបាត់បង់ដីខ្មែរនៅតំបន់ព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការសាងសង់របងបេតុងជាឯកតោភាគីដោយប្រទេសថៃ។

ក្រុមអ្នកនយោបាយទាំងនោះតែងយកព័ត៌មានពីបណ្តាញសារព័ត៌មានថៃមកធ្វើជាមូលដ្ឋានក្នុងការរិះគន់រាជរដ្ឋាភិបាល។ ប៉ុន្តែ នៅពេលសារព័ត៌មានថៃផ្សាយថា ការសាងសង់របងបេតុងនៅតំបន់នេះបានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការលើដីទំហំ ៨៦៣រ៉ៃ ស្មើនឹងប្រមាណ ១៣៨ហិកតា លែងអាចបន្តឆ្លងដែនចូលមកធ្វើកសិកម្មដូចមុន បែរជាក្រុមអ្នកនយោបាយទាំងនោះនៅស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។

សម្តេចធិបតីបានចោទជាសំណួរថា តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះមានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដីឬយ៉ាងណា ទោះបីជាពួកគេគ្មានឯកសារ ឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ។

សូមបញ្ជាក់ថា ភាគីថៃកំពុងសាងសង់របងបេតុងរឹងមាំប្រវែងជាង ៨ គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ ៥២ ដល់លេខ ៥៩ ដែលជាគម្រោងសាកល្បងមួយក្នុងការពង្រឹងសន្តិសុខតាមព្រំដែន។ ដោយគ្មានភស្តុតាងបញ្ជាក់ លោក អ៊ុំ សំអាន ដែលជាអ្នកនយោយបាយប្រឆាំងនៅក្រៅប្រទេស បានអះអាងថា របងនេះត្រូវបានសាងសង់ ចូលមកខាងទឹកដីកម្ពុជា។

សម្តេចធិបតីនាយរដ្ឋមន្រ្តីបានអញ្ជើញលោក អ៊ុំ សំអាន និងអ្នកជំនាញព្រំដែនរបស់លោក ម កផ្ទៀងផ្ទាត់ឯកសារ និងផែនទីជាមួយរាជរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា ដោយសន្យាធានារ៉ាប់រ៉ងការចំណាយសព្វបែបយ៉ាង ប៉ុន្តែលោក អ៊ុំ សំអាន មិនបានផ្តល់ចម្លើយជាក់លាក់ណាមួយឡើយ ហើយបានផ្លាស់ប្តូរ លក្ខខណ្ឌ ជាបន្តបន្ទាប់ ក្នុងចេតនាមិនទទួលយកការអញ្ជើញនេះ៕    

ដោយ សេង បារាំង

ads banner