ក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញវិធានការបន្ទាន់ ដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះទឹក ដោយសារបាតុភូត El Nino

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ចេញវិធានការបន្ទាន់ ៥ ចំណុចដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងបរិភោគជូនប្រជាពលរដ្ឋកម្ពុជា ដោយសារកត្តាប្រែប្រួលធាតុអាកាស ស្របពេលដែលបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថា នឹងកើតមានក្នុងកម្រិត ១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយផ្អែកលើការព្យាករអាកាសធាតុសម្រាប់រដូវប្រាំងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ រដូវវស្សាឆ្នាំ២០២៦ នៅកម្ពុជា បានបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលានេះ។ ខណៈបាតុភូត El Niño នឹងស្ថិតក្នុងកម្រិតខ្ពស់ ១០០ភាគរយរហូតដល់ដើមឆ្នាំ២០២៧។

ក្នុងបរិបទនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំងអស់ ឱ្យអនុវត្តនូវវិធានការសំខាន់ៗ ចំនួន ៥ ចំណុច។

វិធានការទី១ ក្រសួងបានចាត់តាំងមន្ត្រីចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមស្រះទឹក និងអណ្តូង ព្រមទាំងដាក់ចេញវិធានការចាំបាច់ និងអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីអណ្តូងខូច ឬស្រះរីងស្ងួត ដើម្បីឆ្លើយតបនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

បន្ទាប់មក ក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយសារកង្វះខាតទឹកត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងចេះប្រើប្រាស់ទឹកដោយសន្សំសំចៃ។ វិធានការមួយទៀត គឺត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអង្គការជាតិ និងអន្តរជាតិ ដើម្បីរួមសហការដាក់ចេញវិធានការ និងផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

រីឯចំណុចទី៤ ក្រសួងណែនាំរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ខ្លួនចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំងអស់ ព្រមទាំងត្រូវដឹកនាំត្រួតពិនិត្យការផ្គត់ផ្គង់ទឹកជនបទ និងចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណី ប្រជាពលរដ្ឋនៅជនបទត្រូវការ។ ចំណុចចុងក្រោយ គឺការធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួង ដើម្បីមានវិធានការបន្ទាន់។

ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងអនុវត្តសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីទប់ស្កាត់ផលប៉ះពាល់ពីគ្រោះរាំងស្ងួតឱ្យបានជាអតិបរមា៕  

ខន ណារី AMS

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner