អាមេរិក និងជប៉ុន ព្រមព្រៀងបង្កើតរោងចក្រផលិតមីស៊ីល

ម៉ានីល ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនបានថ្លែង កាលពីយប់ថ្ងៃពុធ ទី២៨ ខែតុលា ថា សហរដ្ឋអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាបង្កើតរោងចក្រមួយ នៅក្នុងប្រទេសជប៉ុន សម្រាប់ផលិតមីស៊ីលប្រភេទបាញ់ពីអាកាសទៅអាកាស ឬ air-to-air missiles ក្នុងចម្ងាយមធ្យម ដែលមានបច្ចេកវិទ្យាទំនើប។

លោក Shinjiro Koizumi រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រកាសព័ត៌មាននេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយពេលបានជួបពិភាក្សាជាមួយលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅខេត្ត Cebu ប្រទេសហ្វីលីពីន។

បើតាម CNA, ប្រមុខការពារជាតិទីក្រុងវ៉ាស៊ីនតោនរូបនេះ មកហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយនឹងដៃគូសំខាន់ៗមកពីអាស៊ី និងលោកខាងលិច។

កិច្ចប្រជុំប្រចាំឆ្នាំទាំងនេះ មានគោលបំណងទប់ស្កាត់ជម្លោះធំដុំនៅក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ។

បើតាម លោក Koizumi, មីស៊ីលដែលនឹងត្រូវផលិតឡើងក្រោមគម្រោងរួមគ្នា មានឈ្មោះថា “Operation Supercharge” ដោយលោកអះអាងថា “មានសារៈសំខាន់ណាស់សម្រាប់យន្តហោះចម្បាំង F-35″។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះទេ៕

ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner