ក្រុមអ្នកជំនាញរកឃើញហ្វូស៊ីលឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង
ក្រុមអ្នកជំនាញក្រសួងបរិស្ថានបានរកឃើញហ្វូស៊ីលឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង ហើយកំពុងប្រមូលទិន្នន័យវិទ្យាសាស្ត្រ ដើម្បីសិក្សាវាយតម្លៃ និងចាត់វិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិកម្ពុជា។
ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថាន បានចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋាន បេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ផ្អែកលើរបាយការណ៍បច្ចេកទេស វឌ្ឍនភាពនៃការកំណាយស្រាវជ្រាវនៅក្នុងរណ្ដៅសំខាន់ៗទាំង ៣ បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់។
ជាក់ស្តែង ក្នុងរណ្ដៅទី១ អ្នកជំនាញបានរកឃើញហ្វូស៊ីលដើមឈើប្រវែងរហូតដល់ ៤០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥០ម៉ែត្រ ចំណែកឯផ្នែកគល់វិញ មានទំហំមុខកាត់ធំអស្ចារ្យរហូតដល់ ៤ម៉ែត្រ។ ដោយឡែក កំណាយនៅរណ្ដៅទី២ បានរកឃើញហ្វូស៊ីលឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សា និងមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។ ចំពោះរណ្ដៅទី៣ គឺជាហ្វូស៊ីលដើមឈើ ដែលមានប្រវែងប្រមាណ ១០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥ម៉ែត្រ។
ទាក់ទិនក្នុងរឿងនេះលោក លឹម វណ្ណច័ន្ទ ឱ្យដឹងថា ក្រសួងបរិស្ថានគ្រោងនឹងបន្តសកម្មភាពកំណាយស្រាវជ្រាវយ៉ាងសកម្មបន្ថែមទៀតនៅក្នុងឆ្នាំ២០២៧ ខាងមុខ ដើម្បីប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងប្រវត្តិសាស្ត្រនានា សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការអភិវឌ្ឍជាគោលដៅលម្ហែបៃតង សម្រាប់ទាញទេសចរ សម្រាប់តំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ បានធ្វើណាយផូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យនេះ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ និងបានរកឃើញផូស៊ីលឈើ ដែលមានមុខកាត់ប្រមាណ ១ ម៉ែត្រ និងប្រវែងរហូតដល់ប្រមាណ ១៧ ម៉ែត្រ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើនេះមានអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ និងត្រូវជាប្រភេទរុក្ខជាតិដែលមានផ្កា និងផ្លែ។
ផ្អែកលើលទ្ធផលជាវិជ្ជមាននៃកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តជំរុញសកម្មភាពកំណាយលើកទី២ ក្នុងខែតុលា ឆ្នាំ២០២៦ នេះ និងបានរកឃើញផុស៊ីលដើមឈើចំនួន៣ បន្ថែមទៀត។ ក្រុមការងារនឹងប្រមូលចងក្រងទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃនេះ ឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងពិភពលោកទាំងមូល។
សូមបញ្ចាក់ថា គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស ក្នុងនោះមាននៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ បៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។ ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រសួងបរិស្ថានក៏បានអនុវត្តការងារកំណាយផូស៊ីលឈើ និងផូស៊ីលឆ្អឹងដាយណូស័រនៅខេត្តមួយចំនួនទៀតផងដែរ។
ការងារទាំងនេះមានគោលបំណងសិក្សាលក្ខណៈផូស៊ីល និងស្រទាប់ដីថ្មដែលផ្ទុកផូស៊ីល ប្រមូលទិន្នន័យវិទ្យាសាស្ត្រ និងវាយតម្លៃវិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិ៕
ដោយ៖ម៉ាដេប៉ូ




