អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រភពទឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមទប់ទល់បាតុភូអែល នីញ៉ូ

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាន ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាព ទឹកនៅតាមអាងស្តុក និងប្រព័ន្ធ​ធារាសាស្ត្រក្នុងស្រុក-ក្រុងចំនួន ៦ ដើម្បីរៀបចំផែនការបម្រុងទឹកទុក និងបញ្ជាឱ្យបិទទ្វារទឹកនៅតាមអាងស្តុកនីមួយៗ ព្រមទាំងអំពាវនាវ​ឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយ សន្សំ សំចៃខ្ពស់បំផុត ដើមី្បទប់ទល់នឹងរដូវប្រាំងខាងមុខ ពិសេសបាតុភូតអែល នីញ៉ូ ដែលឡើងកម្ដៅខ្លាំង។

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមាននិងក្រុមការងារ បានចុះ ពិនិត្យអាងស្តុកទឹក និងប្រឡាយតាមមូលដ្ឋានក្នុង ស្រុក ក្រុងចំនួន៦។សកម្មភាពចុះពិនិត្យផ្ទាល់នេះ ក្នុងគោល បំណងវាយតម្លៃបរិមាណ​ទឹកជាក់ស្តែងនៅ​តាមអាងស្តុក ទឹកធំៗក្នុងឃុំ-សង្កាត់ ក្នុងបរិបទដែលកម្ពុជាអាចនឹង ប្រឈម មុខនឹងឥទ្ធិពលរលកកម្តៅខ្លាំងនាពេលខាងមុខ ដែលអាចបង្កឱ្យ​មានការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាត់វិធានការ បិទទ្វារទឹកនៅតាមអាងស្តុក​នីមួយៗ​ជាបន្ទាន់ ដើម្បី រក្សាប្រភពទឹកទុកឱ្យបានច្រើនបំផុតសម្រាប់ផ្គត់ផ្គង់ពេញមួយរដូវប្រាំង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំ​ឱ្យអាជ្ញាធរមូលដ្ឋាន សិក្សាលើការស្តារបឹង អាង និង ប្រឡាយទឹកតាមលទ្ធភាព ដើម្បីបង្កើនសមត្ថភាពស្តុក ទឹកបន្ថែមទៀត។

ស្របគ្នានេះដែរ អាជ្ញាធរខេត្តបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវផ្លាស់ប្តូរទម្លាប់មក ប្រើប្រាស់ ទឹកដោយស្មារតីសន្សំសំចៃខ្ពស់ ដើម្បីចៀសវាងវិបត្តិ ខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។

យោងតាមទិន្នន័យពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នខេត្តមានប្រព័ន្ធធារា សាស្ត្រពេញលេញសរុបចំនួន ៩៣ កន្លែង លាតសន្ធឹង លើ ៩ក្រុង-ស្រុក ដែលរួមមានប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព និងប្រឡាយដោះទឹក សម្រាប់ បម្រើ​ឱ្យវិស័យកសិកម្ម និងការប្រើប្រាស់ទូទៅ។

សូមជម្រាបថា ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុម ការងារបច្ចេកទេសបានបែងចែក​តំបន់ងាយរងគ្រោះជា ពីរក្រុមធំៗ រួមមាន តំបន់វាលទំនាបកសិកម្មដង់ស៊ីតេ ខ្ពស់ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ ព្រៃវែង និងស្វាយរៀង ដែលមានតម្រូវ ការទឹកស្រោចស្រពស្រែប្រាំងខ្លាំង និងតំបន់ខ្ពង់រាប ដាច់ស្រយាល ដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ និងកំពង់ស្ពឺ (ផ្នែកខាងលើ) ដែលជួបការលំបាកក្នុងការ ទាញប្រភពទឹកពីទន្លេធំៗ និងងាយប្រឈមនឹងការ​ខ្វះខាត​ទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ៕

ដោយ៖ឃិន គន្ធា

ads banner