សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រវិធានការទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយចាត់ទុកថា ជាវិធានការចាំបាច់ក្នុងការការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក សុខភាពសាធារណៈ និងសុវត្ថិភាពម្ហូបអាហាររបស់ប្រជាពលរដ្ឋ។
ការគាំទ្រនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចេញលិខិតណែនាំជាផ្លូវការទៅកាន់ប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត ឱ្យពង្រឹងការចាត់តាំងមន្ត្រីជំនាញប្រចាំការនៅតាមសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់។
ក្នុងលិខិតចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបានបញ្ជាក់ថា កន្លងមក មានករណីលួចនាំចូលជ្រូករស់មកពិឃាតនៅតាមសត្តឃាតដ្ឋាននានាក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញកើតឡើងជាញឹកញាប់។ ករណីនេះបង្កហានិភ័យខ្ពស់ដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងពីសត្វមកមនុស្ស ជាពិសេសសត្វដែលគ្មានប្រភពដើមច្បាស់លាស់ និងត្រូវបាននាំចូលពីប្រទេសជិតខាង។
ដើម្បីដោះស្រាយបញ្ហានេះ អគ្គនាយកដ្ឋានបានស្នើឱ្យប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត ចាត់តាំងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះពង្រឹងការត្រួតពិនិត្យ ព្រមទាំងដឹកនាំមន្ត្រីជំនាញប្រចាំការនៅតាមសត្តឃាតដ្ឋានឱ្យអនុវត្តតួនាទី និងភារកិច្ចដោយម៉ឺងម៉ាត់ ស្របតាមបទដ្ឋានបច្ចេកទេស និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការការពារសុខភាពសាធារណៈ និងសុវត្ថិភាពម្ហូបអាហារ។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវិធានការខាងលើ។ លោកបានលើកឡើងថា ការលួចនាំចូលសត្វដោយគ្មានច្បាប់ទម្លាប់ គ្មានការត្រួតពិនិត្យត្រឹមត្រូវ និងគ្មានប្រភពដើមច្បាស់លាស់តាមច្រករបៀងព្រំដែន គឺជាហានិភ័យដ៏ធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការចាត់វិធានការបង្ក្រាបជាបន្ទាន់។
លោកបានបន្តថា ការនាំចូលជ្រូករស់ខុសច្បាប់ មិនត្រឹមតែបង្កហានិភ័យនៃការនាំមេរោគចូលមកបំផ្លាញសត្វចិញ្ចឹមក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារ និងតម្លៃសត្វចិញ្ចឹមរបស់កសិករក្នុងស្រុកផងដែរ។ លោកបានអះអាងថា បច្ចុប្បន្ន កសិករកម្ពុជាមានសមត្ថភាពផលិត និងផ្គត់ផ្គង់សាច់គ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារក្នុងស្រុក ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលពីបរទេសឡើយ។
ជាមួយគ្នានេះ លោកប្រធានសមាគមបានឱ្យដឹងថា ក្រុមការងារសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែននានា ដើម្បីប្រមូលព័ត៌មាន និងរាយការណ៍ជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកប្រកបរបរចិញ្ចឹមសត្វឱ្យបានជ្រាបជាប្រចាំ។
លោកក៏បានអំពាវនាវដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែន និងថ្នាក់មូលដ្ឋាន ឱ្យបន្តសហការទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍ និងជីវភាពរបស់កសិករក្នុងស្រុក៕
ដោយ ជាវ ចន្ធូ



