ក្រុមហ៊ុនវៀតណាមមួយចុះកិច្ចព្រមព្រៀងទិញដំឡូងមីក្រៀម និងពោតចំនួន៤០ម៉ឺនតោនពីកម្ពុជា
ក្រុមហ៊ុនវៀតណាមមួយបានចុះ MoU ជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទិញដំឡូងមីក្រៀម និងពោតចំនួន៤០ម៉ឺនតោនពីកម្ពុជា។ តំណាងធនាគារ ARDB បានចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលបានធ្វើឡើងនៅទីក្រុង ហាណូយ។
ក្រុមហ៊ុន ហង្ស ហាវេស ខូអិលធីឌី (HANG HARVEST AGRICULTURE) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន VIETNAM GREENHOUSE MTV ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោតពីកម្ពុជា ក្នុងបរិមាណសរុប ៤០ម៉ឺនតោន ក្នុងរយៈពេល ២ឆ្នាំ។
ពិធីចុះហត្ថលេខាលើ MoU នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ដោយមានការអញ្ជើញចូលរួមជាអធិបតី និងជាសាក្សីពីសំណាក់ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី។
យោងតាម ARDB កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ណាស់ក្នុងការជួយពង្រីកទីផ្សារនាំចេញដំឡូងមី និងពោតកម្ពុជា និងពង្រីកខ្សែចង្វាក់ផលិតកម្មកសិកម្ម បង្កើនទីផ្សារប្រកបដោយស្ថិរភាពសម្រាប់ប្រជាកសិករកាន់តែទូលំទូលាយ រួមទាំងលើកកម្ពស់ប្រាក់ចំណូល និងជីវភាពកសិករ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។
កិច្ចសហប្រតិបត្តិការនេះក៏ជាការរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងបង្កើតមូលដ្ឋានសម្រាប់ការពង្រីកកិច្ចសហការក្នុងវិស័យកសិកម្មនាពេលអនាគត។
ក្នុងនាមជាធនាគារដែលមានតួនាទីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ARDB នឹងបន្តយកចិត្តទុកដាក់លើការជំរុញការតភ្ជាប់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និងទីផ្សារ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕





