សម្តេចធិបតី ៖ ជម្លោះព្រំដែនជាសង្គ្រាមរវាងប្រទេសនិងប្រទេស ដែលកម្ពុជាមិនធ្លាប់ប្រឈមក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះស្មារតីតស៊ូ និងភាពរឹងមាំរបស់ប្រជាពលរដ្ឋ ក្នុងការជម្នះកាលៈទេសៈដ៏លំបាកបំផុត ដែលកម្ពុជាមិនធ្លាប់ប្រឈមមុខសោះក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ ដោយសម្តេចបានអះអាងថា រាជរដ្ឋាភិបាលមិនដែលបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។

ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវជូនកសិករនៅខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជម្លោះព្រំដែនកន្លងមក ជាកាលៈទេសៈដ៏លំបាកបំផុតដែលកម្ពុជាមិនធ្លាប់ប្រឈមមុខទាល់តែសោះក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ។ ទោះបីយ៉ាងណា រាជរដ្ឋាភិបាលមិនដែលបោះបង់ប្រជាពលរដ្ឋចោលឡើយ ខណៈស្មារតីតស៊ូ និងភាពរឹងមាំរបស់ពលរដ្ឋ បានប្រែក្លាយភាពលំបាកឱ្យទៅជាការកសាងជីវភាព និងភូមិឋានឡើងវិញដោយជោគជ័យ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកន្លងមក គឺជាស្ថានភាពប្រឈមមុខដ៏ធ្ងន់ធ្ងរដែលកម្ពុជាមិនធ្លាប់ជួបប្រទះសោះ ដោយសារពីមុនកម្ពុជាមានតែសង្គ្រាមផ្ទៃក្នុងប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងការអរគុណចំពោះស្មារតីតស៊ូ និងភាពរឹងមាំរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុត ទាំងបញ្ហាសង្គ្រាមព្រំដែន គ្រោះទឹកជំនន់ និងផលប៉ះពាល់សេដ្ឋកិច្ចពីការបិទព្រំដែន ដោយសម្តេចបានគូសបញ្ជាក់ថា «លំបាកតែមិនស្លាប់»។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលមិនដែលបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ កន្លងមក សម្តេចបានចុះសួរសុខទុក្ខជនភៀសសឹកនៅភូមិ​ស្រះ​កែវ​ចង​ចាំ ភូមិ​តា​កឹង​បៃតង​ចង​ចាំ ក្នុងខេត្តឧត្តរមានជ័យ ដែលជាភូមិបង្កើតឡើងដើម្បីរំលឹកពីភាពរឹងមាំរបស់ប្រជាពលរដ្ឋ ក្នុងការកសាងជីវភាព និងភូមិឋានឡើងវិញ។ ថ្វីបើថ្ងៃខាងមុខ ប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានដើមវិញក៏ដោយ ប៉ុន្តែដីធ្លីដែលបានចែកហើយនៅទីនោះនឹងត្រូវបានប្រគល់ជូនពួកគាត់ ដើម្បីអាចបន្តការអភិវឌ្ឍបន្ថែមទៀត។

លើសពីនេះ សម្តេចធិបតី ក៏បានឱ្យដឹងផងដែរថា នៅពេលខាងមុខ សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅ «ភូមិរង់ចាំ» ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដោយមិនជម្រាបជូនមុនឡើយ។

សម្តេចបានកោតសរសើរចំពោះប្រជាពលរដ្ឋដែលទោះបីជាមកផ្ញើប្រាណរស់នៅត្រឹមតែ ៣ ខែក៏ដោយ ក៏បានខិតខំដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារយ៉ាងសកម្ម ដែលនេះគឺជាចំណុចខ្លាំង និងជាស្មារតីរឹងមាំដែលត្រូវបន្តលើកកម្ពស់បន្ថែមទៀត៕ ទួន សុផល


ads banner