ចូលគាស់ឃ្លាំងប៉ុនប៉ងចូលលួចដែក ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវអ្នកភូមិឃើញចូលក្នុងឃ្លាំងប៉ុនប៉ងលួចដែក ទើបនាំគ្នាព័ទ្ធចាប់ខ្លួនបាន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅក្នុងឃ្លាំងដែក ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃដដែលនេះ ទើបទំនាក់ទំនងទៅសមត្ថកិច្ច នាំជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍នគរបាលឃ្មួញ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលបានចូលធ្វើសកម្មភាពគាស់ទ្វារឃ្លាំងចូលទៅខាងក្នុងប៉ុនប៉ងលួចដែក នៅវេលាអធ្រាត្រចូលថ្ងៃទី០៥ ខែមេសានេះ ពេលដែលម្ចាស់ឃ្លាំងចាក់សោចោល ទៅសម្រាកនៅផ្ទះ ហើយត្រូវបានប្រជាពលរដ្ឋផ្ទះក្បែរខាងឃើញ ផ្អើលឆោឡោ នាំគ្នាចាប់ឃាត់ទាំងយប់ រហូតដល់វេលាម៉ោង៧ព្រឹកទើបរាយការណ៍ប្រាប់សមត្ថកិច្ច នាំយកទៅសាកសួរនៅប៉ុស្តិ៍។
ជនសង្ស័យបានសារភាពថា មកពីអត់លុយសម្រាប់ចូលឆ្នាំ ទើបបែកគំនិតឆ្នៀតឱកាសម្ចាស់ឃ្លាំងមិននៅ ប៉ងចូលលួចដែក តែមិនទាន់បានសម្រេចផង ត្រូវប្រជាពលរដ្ឋឃើញចាប់ខ្លួនឲ្យប៉ូលិសតែម្តង។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី៕ធ.ដ