បញ្ជូនខ្លួនឪពុកចុងចាប់រំលោភកូនចុងអាយុ១៣ឆ្នាំ ទៅឲ្យតុលាការ
ភ្នំពេញ៖ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនឪពុកចុងម្នាក់ ក្រោយពីលួងលោមកូនចុងអាយុ១៣ឆ្នាំ រំលោភបានសម្រេចច្រើនដង ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
សូមរំលឹកថា ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ នៅផ្ទះសំណាក់ ដាលីន ផ្លូវបេតុង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ កុមារីរងគ្រោះឈ្មោះ យ.ស.ន អាយុ១៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងចេតិយវត្តប្រជុំវង្ស ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ព្រុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងចេតិយវត្តប្រជុំវង្ស ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា កាលពីថ្ងៃទី៣១-០៣-២០១៩ ម៉ោង២២:០០នាទី ម្តាយកុមារីរងគ្រោះបានចេញទៅរើសអេតចាយ បានទុកកូននៅជាមួយឪពុកចុង ពេលនោះជនសង្ស័យបាននាំកុមារីរងគ្រោះទៅដេកនៅផ្ទះសំណាក់មួយយីហោ ដាលីន (ចំណុចកើតហេតុ) រួចចាប់រំលោភកុមារីរងគ្រោះបានសម្រេច៣ដង។ បន្ទាប់មកនាំកុមារីរងគ្រោះត្រលប់មកកន្លែងស្នាក់នៅវិញ ពេលនោះម្តាយឃើញកុមារីរងគ្រោះមានសភាពស្លេកស្លាំងពេក ក៏សាកសួរនាំ រួចកុមារីរងគ្រោះក៏និយាយរឿងហេតុខាងលើប្រាប់ស្រ្តីជាម្តាយទើបដឹងរឿង។ លុះដល់ថ្ងៃទី០២-០៤-២០១៩ ម៉ោង១៤:៣០នាទី ម្តាយក៏នាំកុមារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីឲ្យសមត្ថកិច្ចចាប់បុរសជាឪពុកចុងចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបន្តថាក្រោយពីស្ដាប់ចម្លើយម្ដាយ និងក្មេងស្រីរងគ្រោះរួច ក៏សហការជាមួយនគរបាល ប៉ុស្តិ៍ប្រញាប់ធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនល្មោភកាមជាឪពុកចុងនេះមកដាក់ទោសទណ្ឌ រហូតដល់ម៉ោង១៦និង៣០នាទីថ្ងៃដដែល សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានសហការជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ព្រែកប្រា ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងសាកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពីក្មេងស្រីរងគ្រោះមែន និងបច្ចុប្បន្នក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ៕ធ.ដ