ជាមួយបដិមាជាង ១៤ ០០០ វត្ថុ៖ សារមន្ទីរជាតិ ជាកន្លែងតាំងបង្ហាញស្នាដៃចម្លាក់បុរាណខ្មែរ និងជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវដ៏សំខាន់
សារមន្ទីរជាតិ ដែលមានទីតាំងនៅរាជធានីភ្នំពេញ មិនត្រឹមតែជាកន្លែងរក្សាទុក និងតាំងបង្ហាញបដិមា និងរូបចម្លាក់បុរាណខ្មែរដ៏មានតម្លៃជាង ១៤ ០០០ វត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ សិល្បៈ ជំនឿសាសនា និងអត្តសញ្ញាណវប្បធម៌ខ្មែរតាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យអង្គរ និងក្រោយសម័យអង្គរផងដែរ។
សារមន្ទីរជាតិត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការនៅឆ្នាំ១៩២០ ដោយមានផ្ទុកសម្បត្តិវប្បធម៌ និងវត្ថុបុរាណជាច្រើនប្រភេទ រួមមានបដិមាព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា វត្ថុបុរាណ និងស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃស្ថាបត្យកម្ម ជំនឿ និងរបៀបរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យកាលផ្សេងៗគ្នា។
លោកស្រី អ៊ុន សុគន្ធាវី អនុប្រធានសារមន្ទីរជាតិ បានគូសបញ្ជាក់ថា សារមន្ទីរជាតិដើរតួនាទីដូចជាបេះដូង និងឃ្លាំងផ្ទុកព្រលឹងវប្បធម៌ខ្មែរ ក្នុងការអប់រំ និងផ្សព្វផ្សាយអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសខ្មែរទៅកាន់ពិភពលោក។ សារមន្ទីរមិនមែនគ្រាន់តែជាកន្លែងដាក់តាំងវត្ថុបុរាណនោះទេ ប៉ុន្តែជាស្ពានចម្លងចំណេះដឹង និងតម្លៃវប្បធម៌ពីអតីតកាលមកកាន់បច្ចុប្បន្ន និងបន្តទៅអនាគត។
យោងតាមលោកស្រី អ៊ុន សុគន្ធាវី ក្នុងឆ្នាំ២០២៥កន្លងទៅ សារមន្ទីរជាតិទទួលបានភ្ញៀវទេសចរសរុបជាង ២៧ម៉ឺន ៥ពាន់នាក់។ តួលេខនេះបង្ហាញពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំពោះសម្បត្តិបេតិកភណ្ឌ និងស្នាដៃសិល្បៈបុរាណខ្មែរ។
លោកស្រីបានបញ្ជាក់ថា ក្រៅពីការតាំងបង្ហាញបដិមា និងរូបចម្លាក់បុរាណ សារមន្ទីរជាតិក៏មានតួនាទីជាកន្លែងផ្តល់ចំណេះដឹងដល់សាធារណជន ជាពិសេសអ្នកស្រលាញ់ប្រវត្តិសាស្ត្រ សិល្បៈ ព្រមទាំងសិស្ស និងអ្នកស្រាវជ្រាវដែលចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីអត្តសញ្ញាណជាតិ និងអរិយធម៌ខ្មែរ។
លោកស្រី អ៊ុន សុគន្ធាវី បានពន្យល់ថា បដិមា និងរូបចម្លាក់បុរាណខ្មែរមិនត្រឹមតែបង្ហាញពីកម្រិតខ្ពស់នៃសិល្បៈ និងស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវជំនឿសាសនា ជាពិសេសព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដែលឆ្លុះបញ្ចាំងពីជីវិត និងស្មារតីរបស់បុព្វបុរសខ្មែរគ្រប់សម័យកាល។ ជំនឿលើបដិមាមួយចំនួននៅតែមានក្នុងសង្គមខ្មែររហូតមកដល់បច្ចុប្បន្ន ដោយប្រជាពលរដ្ឋមួយចំនួននៅតែគោរពបូជា និងចាត់ទុកបដិមាទាំងនោះថាមានតម្លៃផ្នែកជំនឿ និងវប្បធម៌យ៉ាងជ្រាលជ្រៅ។
ក្រោយពីបានទស្សនាសារមន្ទីរជាតិ យុវតី ហោម សុវណ្ណធិតា និងយុវជន ឈុន វ៉ាន់នី បានបង្ហាញមោទនភាពចំពោះមរតកវប្បធម៌ខ្មែរ។
សូមបញ្ជាក់ថា ថ្មីៗនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់ការសិក្សាគម្រោងកែលម្អ និងពង្រីកសារមន្ទីរជាតិកម្ពុជា។ ការសិក្សានេះបានបង្កើតមូលដ្ឋានបច្ចេកទេស និងស្ថាបត្យកម្មសម្រាប់តម្រង់ទិសការអភិវឌ្ឍសារមន្ទីរនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងពង្រឹងសមត្ថភាពរបស់សារមន្ទីរក្នុងការអភិរក្ស តាំងបង្ហាញ និងផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ៕
ដោយ៖ ម៉ាដេប៉ូ
រូបភាព៖ លោក អ៊ូច ចិត្រ





