លោក ត្រាំ ថ្លែងថា អាម៉េរិក ចិន និងរុស្ស៊ី គួរតែបញ្ឈប់ការប្រកួតប្រជែងសព្វាវុធ ហើយងាកទៅកសាងសន្តិភាពយូរអង្វែងវិញ
សហរដ្ឋអាម៉េរិក៖ រុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក គួរតែឈប់ចាយលុយលើសព្វាវុធទៀតទៅ ហើយងាកមកវិនិយោគលើការធ្វើដំណើរឆ្ពោះទៅរកការកសាងសន្តិភាពយូរអង្វែងវិញ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ទើបតែបានប្រាប់ឲ្យអង្គការ NATO ត្រៀមលក្ខណៈដើម្បីប្រឈមនឹងបញ្ហាសន្តិសុខសកលថ្មី ដែលអាចបង្កឡើងដោយរុស្ស៊ី និងចិន។
ប្រធានាធិបតីអាម៉េរិករូបនេះ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថា លោកយល់ថា សហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន អាចស្រុះស្រួលគ្នាបាន ហើយបញ្ឈប់ការចំណាយលុយលើសព្វាវុធ រួចងាកមកចាយលើអ្វីដែលមានប្រយោជន៍សម្រាប់ការកសាងសន្តិភាពយូរអង្វែងវិញ។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ ដែលមានវត្តមាននៅសេតវិមានដែរនោះ បាននិយាយថា លោកយល់ស្របជាមួយគំនិតរបស់លោក ដូណាល់ ត្រាំ៕ធ.ដ