ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី​ការបរទេសមេគង្គ-ឡានឆាង នៅប្រទេសចិន

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការបរទេសកម្ពុជា នឹង​ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញ​ចូល​រួមកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងទំនាក់ទំនងទ្វេ​ភាគី។

ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទទី២ វិច្ឆិកាថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ​បរទេស នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅ​បំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការ​បរទេស​មេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានី​ប៉េកាំងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងទំនាក់ទំនង​ទ្វេភាគីកម្ពុជា-ចិន។

ដំណើរចូលរួមនេះ គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ ក្នុងអំឡុង​ពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃ​បណ្តាប្រទេស​សមាជិកមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃលើ​វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំ ២០២៣-២០២៧ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើទិសដៅ និងអាទិភាពនាពេលអនាគត។កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំនេះ នឹងផ្តោតជាសំខាន់​លើ​ការ​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព ការជំរុញការ​អភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់​ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌នៅក្នុងអនុតំបន់​មេគង្គ-ឡានឆាង។

ក្រសួងការបរទេសបានឱ្យដឹងទៀតថា នៅប្រទេស​ចិន​ក្រៅពីចូលរួមក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងជួប​ពិភាក្សា​ការងារទ្វេ​ភាគីដាច់​ដោយឡែកមួយជាមួយ ឯកឧត្តម វ៉ាង យី ផងដែរ ដើម្បីពិនិត្យមើល និងស្វែងរកមធ្យោបាយ​ថ្មីៗក្នុងការ​ពង្រឹង​បន្ថែមទៀតនូវទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិ​ការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ព្រមទាំងការផ្លាស់ប្តូរ​ទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ​ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម៕

ដោយ៖ទួន សុផល

ads banner