សហរដ្ឋអាម៉េរិកប្រាប់ឲ្យពលរដ្ឋខ្លួនចាកចេញពីវេណេស៊ុយអេឡា នៅមុនបាតុកម្មធំនាចុងសប្តាហ៍នេះ

សហរដ្ឋអាម៉េរិក៖ ពលរដ្ឋអាម៉េរិក និងវេណេស៊ុយអេឡា ត្រូវបានអំពាវនាវឲ្យចាកចេញពីប្រទេសអាម៉េរិកឡាទីនមួយនេះ នៅមុនបាតុកម្មគាំទ្រ និងប្រឆាំងរដ្ឋាភិបាលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ស្របពេលមានការដាច់ចរន្តអគ្គិសនីរាប់សប្តាហ៍មកហើយ នេះបើតាមសេចក្តីណែនាំរបស់ស្ថានទូតអាម៉េរិកនៅទីក្រុងការ៉ាកាស់។

បាតុកម្មជាន់គ្នារវាងអ្នកគាំទ្រលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងមេដឹកនាំបក្សប្រឆាំងលោក ចូអាន់ ហ្គៃដូ បានក្លាយជាសាមញ្ញនៅប៉ុន្មានសប្តាហ៍មកនេះ តែបាតុកម្មនៅថ្ងៃសៅរ៍សប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាជ្ញាធរវេណេស៊ុយអេឡាចាប់ផ្តើមចាត់វិធានការលើមេដឹកនាំបក្សប្រឆាំង ហើយសហរដ្ឋអាម៉េរិកក៏បានព្រមានជាចំហផងដែរ។

គួរបញ្ជាក់ថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡា បានផ្ទុះឡើងកាលពីខែមករា ដើមឆ្នាំនេះ នៅពេលមេដឹកនាំបក្សប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាម៉េរិក គឺលោក ហ្គៃដូ បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន ក្រោយបដិសេធការជាឆ្នោតជាថ្មីរបស់លោក ម៉ាឌូរ៉ូ កាលពីខែឧសភា ។ ប៉ុន្តែរុស្ស៊ី ចិន គុយបា បូលីវី តួកគី និងប្រទេសមួយចំនួនទៀតប្រកាសមិនទទួលស្គាល់លោក ហ្គៃដូ ឡើយ ហើយបន្តគាំទ្រលោក ម៉ាឌូរ៉ូ ជាមេដឹកនាំស្របច្បាប់របស់វេណេស៊ុយអេឡា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner