អឺរ៉ុប រងការគំរាមផ្ទុះគ្រាប់បែកក្នុងយន្តហោះ និងនាវាទេសចរណ៍ ៨គ្រឿង, មន្ត្រីសង្ស័យ រុស្ស៊ី និង អ៊ីរ៉ង់

ព្រុចសែល ៖ នៅតំបន់អឺរ៉ុប, ជើងហោះហើរ យ៉ាងតិច ចំនួន៧គ្រឿង និងនាវាទេសចរណ៍ ចំនួន១គ្រឿង បានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែកផ្ទួនៗ កាលពីថ្ងៃអង្គារ ខណៈដែលមន្ត្រីដាក់ការសង្ស័យថា រុស្ស៊ី និង អ៊ីរ៉ង់ កំពុងរៀបផែនការវាយប្រហារបែបចម្រុះ ទូទាំងទ្វីបមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។

បើតាមប្រភពពីក្រុមហ៊ុនអាកាសចរណ៍, យន្តហោះចំនួន២គ្រឿង ទៅកាន់ទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ, ២គ្រឿងទៅកាន់ទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី, និង ២គ្រៀងទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ព្រមទាំង ១គ្រឿងទៀត ទៅកាន់អាកាសយានដ្ឋាន Murcia ក្នុងប្រទេសអេស្ប៉ាញ ត្រូវបានទទួលរងនូវការគំរាមកំហែងថា មានគ្រាប់បែកលើយន្តហោះ កាលពីថ្ងៃទី៣ ខែវិច្ឆិកា។

ការគំរាមបំផ្ទុះគ្រាប់បែក លើជើងហោះហើរទាំង៧គ្រឿងនេះ បានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីជើងហោះហើរមួយទៀត ទៅកាន់ទីក្រុងសូហ្វីយ៉ា ត្រូវបានគំរាមកំហែងបែបនេះដូចគ្នា។

សម្រាប់នៅអ៊ីតាលី, កងទ័ពអាកាសត្រូវបានតម្រូវឲ្យអមដំណើរជើងហោះហើរ ខណៈអាកាសយានដ្ឋានផ្សេងៗទៀត នៅអឺរ៉ុប ត្រូវបានបិទមួយរយៈខ្លី។

យ៉ាងណាមិញ មន្ត្រីបានឱ្យដឹងថា ព័ត៌មានទាំងនោះគឺជាការបោកបញ្ឆោត ហើយអាកាសយានដ្ឋានបានដំណើរការឡើងវិញជាធម្មតា បន្ទាប់ពីអាជ្ញាធរមិនបានរកឃើញគ្រឿងផ្ទុះណាមួយនៅលើយន្តហោះនោះឡើយ។

ជាមួយគ្នានេះ, អាជ្ញាធរបានឱ្យដឹងថា ឆ្កែហ្វឹកហាត់សម្រាប់រកគ្រឿងផ្ទុះ និងអ្នកមុជទឹកម្នាក់ បានធ្វើការត្រួតពិនិត្យលើនាវាទេសចរណ៍ឈ្មោះ Crown Iris ដែលចុះបញ្ជីនៅប្រទេសប៉ាណាម៉ា នៅលើកោះ Syros នៃប្រទេសក្រិក បន្ទាប់ពីមានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានអះអាងថា មានគ្រឿងផ្ទុះត្រូវបានដាក់ជាប់នឹងតួនាវា១គ្រឿងនោះ។

ប៉ុន្តែ ការត្រួតពិនិត្យជំហានដំបូងមិនបានរកឃើញគ្រឿងផ្ទុះអ្វីឡើយ ហើយក្រុមអ្នកជំនាញមកពីកងការពារឆ្នេរសមុទ្ររំពឹងថា នឹងធ្វើការត្រួតពិនិត្យបន្ថែមទៀត មុនពេលដែលនាវានេះអាចបន្តដំណើររបស់ខ្លួនបាន។

បើតាម Reuters, ទោះបីជាមិនមានប្រទេសណាមួយចង្អុលមុខអ្នកដែលនៅពីក្រោយការគំរាមកំហែងដាក់គ្រាប់បែកទាំងនេះក៏ដោយ ប៉ុន្តែហេតុការណ៍ទាំងនេះបានកើតឡើង ក្នុងពេលដែលមន្ត្រីអឺរ៉ុបកំពុងចោទប្រកាន់រុស្ស៊ី និងអ៊ីរ៉ង់ ថា បានរៀបចំផែនការវាយប្រហារបែបចម្រុះ ឬ hybrid attacks និងសកម្មភាពដ៏បំផ្លិចបំផ្លាញផ្សេងៗទៀត។

ជាក់ស្តែង នៅសប្តាហ៍នេះ ក្រុម hacker មិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើឱ្យទូរទឹកកកនៅក្នុងផ្សារទំនើបមួយចំនួន នៅតាមបណ្តាប្រទេសអឺរ៉ុបលែងដំណើរការ។ អ្នកជំនាញមួយចំនួនបានលើកឡើងថា ការគំរាមកំហែងដាក់គ្រាប់បែក អាចជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កភាពរំខាន ដែលមានលក្ខណៈស្រដៀងគ្នា ពោលគឺចំណាយតិច និងអាចបដិសេធការទទួលខុសត្រូវបាន។

លោក Eric Schouten ប្រធានក្រុមសន្តិសុខអាកាសចរណ៍ ហូឡង់ Dyami បាននិយាយថា «ចាប់ពីប្រព័ន្ធផ្លូវដែក រហូតដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អាហារ ដូចដែលបានឃើញតាមរយៈករណីការ hack ប្រព័ន្ធទូរទឹកកក និងសកម្មភាពផ្សេងៗទៀតនោះ វាពិតជាស្របទៅនឹងសេណារីយ៉ូដែលថា តួអង្គរដ្ឋរបស់រុស្ស៊ីចង់បង្កភាពរំខានដល់ទ្វីបអឺរ៉ុប»។

យ៉ាងណាមិញ ទាំងទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ សុទ្ធតែបានបដិសេធថា ពួកគេមិនបានពាក់ព័ន្ធនឹងសកម្មភាពបែបនេះទេ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner