អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីអញ្ជើញមកដល់កម្ពុជា ដើម្បីរួមគ្នាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ភ្នំពេញ៖ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ បានអញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវ Louise Mushikiwaboនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា ការអញ្ជើញមកដល់របស់ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) គឺដើម្បីរួមគ្នាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ហើយមកដល់ត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលជាង ២០ប្រទេស និងគណៈប្រតិភូជាង៧០ប្រទេស បានបញ្ជាក់ពីការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ចំណែកកម្លាំងអាជ្ញាធរសមត្ថកិច្ចជាង២ម៉ឺននាក់ បានត្រៀមរួចរាល់សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នេះ។
តាមកម្មវិធីនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៤៨ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងពិធីលៀងសាយភោជន៍ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ពិធីបិទកិច្ចប្រជុំកំពូលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកពិពណ៌ហ្វ្រង់កូតិចនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ។ ពិធីបើកវីឡាហ្វ្រង់ហ្វូកូនីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវអគ្គលេខាធិការដ្ឋានហ្វ្រង់ហ្វូកូនី៕
ដោយ៖ពលជ័យ

