តម្លៃប្រេងធ្លាក់ចុះ ៤ថ្ងៃ ជាប់ៗគ្នា ខណៈជើងកប៉ាល់ដឹកតាមច្រក ហ័រមូស វិលមកជិតដល់កម្រិតមុនផ្ទុះសង្គ្រាម
បរទេស៖ ត្រឹមថ្ងៃព្រហស្បតិ៍ ម្សិលមិញ, តម្លៃប្រេងបានធ្លាក់ចុះ ៤ថ្ងៃ ជាប់ៗគ្នា ពោលគឺស្របពេលចំនួននាវាដឹកជញ្ជូនប្រេងឆៅ ដែលឆ្លងកាត់តាមច្រកសមុទ្រហ័រមូស កំពុងត្រលប់មកជិតដល់កម្រិត ដូចមុនពេលផ្ទុះសង្គ្រាមមជ្ឈិមបូព៌ា។
បើតាម Reuters, តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៨០ សេន ឬ ០,៨៥% មកនៅត្រឹម ៩៣,៨២ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅអាមេរិក WTI បានធ្លាក់ចុះ ១,២ ដុល្លារ ឬ ១,៣៦% មកនៅត្រឹម ៨៦,៩២ ដុល្លារ ក្នុងមួយបារ៉ែល ។
បើតាមអ្នកវិភាគនៅធនាគារអាមេរិក JPMorgan, ការធ្លាក់ចុះយ៉ាងគំហុកនេះ កើតមានឡើង ស្របពេលដែលការដឹកជញ្ជូនប្រេងឆៅឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងភាគច្រើនពីតំបន់ឈូងសមុទ្រពែរ្ស បានងើបឡើងវិញដល់កម្រិតជិតស្មើនឹងមុនពេលមានសង្គ្រាម ទោះបីជាត្រូវចំណាយថ្លៃដើមខ្ពស់ជាងមុនក៏ដោយ។
នៅក្នុងកំណត់ត្រាមួយ កាលពីថ្ងៃពុធ, ធនាគារ JPMorgan ប៉ាន់ប្រមាណថា ទីផ្សារបានត្រឡប់ទៅរកស្ថានភាពដែលមានការផ្គត់ផ្គង់លើសតម្រូវការចំនួន ១,១ លានបារ៉ែលក្នុងមួយថ្ងៃ នៅខែកញ្ញា ហើយបានកើនឡើងដល់ ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ នៅខែតុលា ដែលចំនួននេះគឺជិតស្មើនឹងកម្រិត ជាមធ្យម ១,៣ លានបារ៉ែល ក្នុងមួយថ្ងៃ កាលពីឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា ភាពមិនច្បាស់លាស់នៅតែបន្តមាន រហូតទាល់តែសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនៅអាមេរិក ចាប់ផ្តើមបំពេញតួនាទីរបស់ខ្លួន នៅខែមករា ក្រោយឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ប្រភពពីរដែលស្និទ្ធនឹងរដ្ឋាភិបាលនៃបណ្តាប្រទេសតំបន់ឈូងសមុទ្រពែរ្ស បាននិយាយ កាលពីថ្ងៃពុធថា ឥទ្ធិពល លោកប្រធានាធិបតី ដូណាល់ ត្រាំ ឥឡូវនេះ ថយចុះ ហើយត្រូវប្រឈមមុខនឹងសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលអាចរារាំងជម្រើសយោធារបស់លោកបាន៕
ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត
