លោក ពូទីន ទទួលជួបប្រធានផ្នែកសន្តិសុខជាតិរបស់អ៊ីរ៉ង់នៅទីក្រុងមូស្គូ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជួបលោក ម៉ូសេន រ៉េហ្សៃ (Mohsen Rezaei) ប្រធានផ្នែកសន្តិសុខជាតិរបស់អ៊ីរ៉ង់ នៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងគម្រោងបំពង់បង្ហូរឧស្ម័ន សម្រាប់ការនាំចូលពីរុស្ស៊ី។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបនោះ លោក ម៉ូសេន រ៉េហ្សៃ ហៅជំនួបនេះថាជា «ការផ្លាស់ប្តូរមតិដ៏សំខាន់បំផុតមួយ» នេះបើតាមស្ថានទូតអ៊ីរ៉ង់។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ដែរថា លោក រ៉េហ្សៃ បាននិយាយថា «ក្នុងអំឡុងពេលជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ភាគីទាំងពីរបានពិភាក្សាអំពីការសាងសង់បំពង់បង្ហូរឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអ៊ីរ៉ង់»។
លោកបានបញ្ជាក់ថា គោលបំណងគឺដើម្បីជួយឱ្យអ៊ីរ៉ង់ «ដោះស្រាយបញ្ហាខ្វះខាតឧស្ម័ននៅក្នុងប្រទេសខ្លួន ព្រមទាំងជួយសម្រួលដល់ការលក់ឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសជិតខាងផងដែរ»។
ទោះបីជាអ៊ីរ៉ង់ជាប្រទេសផលិតឧស្ម័នដ៏ធំមួយក៏ដោយ ក៏ប្រទេសនេះបានជួបប្រទះនឹងការខ្វះខាតឧស្ម័នធម្មជាតិជាយូរមកហើយ ដែលជាធនធានចាំបាច់សម្រាប់ដំណើរការប្រព័ន្ធកម្ដៅ។ បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងដោយសារសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ។
យោងតាមទីក្រុងតេហេរ៉ង់ ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុត ដែលមានរយៈពេលជិត ៤០ ថ្ងៃ ប្រទេសទាំងពីរ ទាំង អាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងរោងចក្រចម្រាញ់ឧស្ម័នធម្មជាតិផងដែរ។
រុស្ស៊ី និងអ៊ីរ៉ង់ ដែលជាប្រទេសពីរក្នុងចំណោមប្រទេសដែលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅលើពិភពលោក បានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគ្នា ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
នៅដើមខែតុលា លោក ពូទីន បាននិយាយថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីខែកុម្ភៈ។
លោក រ៉េហ្សៃ បានឱ្យដឹងថា លោក ពូទីន បានសង្កត់ធ្ងន់លើភាពចាំបាច់នៃយន្តការសន្តិសុខក្នុងតំបន់ និងបានបញ្ជាក់ថា «មិនអាចទទួលយកបានឡើយនូវរាល់ការជ្រៀតជ្រែកពីសំណាក់មហាអំណាចខាងក្រៅ» ក្នុងការដោះស្រាយស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
