រថយន្តសាំយ៉ុងបុកម៉ូតូអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តសាំយ៉ុង រត់តាក់ស៊ីបុកពេញទំហឹងបណ្ដាលឲ្យបាត់បង់ជីវិត ចំណែកឯម៉ូតូអូសជាង១០០ម៉ែត្រ កាលពីម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩  នៅផ្លូវជាតិលេខ៦A  មុខបុរីភ្នំពេញផាក អូសមកដល់មុខវត្តខ្ទរ ស្ថិតនៅក្នុងក្រុម១៧ ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យុវជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយមានអាយុប្រហែជាង២០ឆ្នាំ ជិះម៉ូតូម៉ាកឌ្រីម១២៥ស៊េរី ឆ្នាំ២០១៥ ពណ៌ក្រហម ផ្លាកលេខកំពង់ធំ1H-3432។ ចំណែករថយន្តបង្កម៉ាកសាំយ៉ុងពណ៌លឿង ផ្លាកលេខកំពង់ធំ2A-2384 ជារថយន្តតាក់ស៊ីរត់ពីកំពង់ធំ-ភ្នំពេញ អ្នកបើកបរឈ្មោះ  តុង ដេត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្ទឹងសែន ឃុំកំពង់ត្របៅ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៦អាក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ពេលនោះក៏មានរថយន្តបង្កបើកបរតាមផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន មិនប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងកិនជាប់ក្រោមរថយន្តអូសជាង១០០ម៉ែត្រ ទើបរថយន្តឈប់ រួចចុះរត់ចូលស្រះពួនក្នុងស្មៅនៅក្បែរកន្លែងកើត ហេតុ ក៏ត្រូវបានសមត្ថកិច្ចរកឃើញចាប់ឃាត់ខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កអ្នកបើកបរ និងម៉ូតូរងគ្រោះ ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner