អាល្លឺម៉ង់ ប្រកាសអស់សំណាញ់មេឃជួយ អ៊ុយក្រែន

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់អស់សំណាញ់មេឃ Patriot និងមីស៊ីលស្ទាក់ចាប់ជួយដល់អ៊ុយក្រែនបន្ថែមទៀតហើយ ដោយសារស្តុកសម្ភារយោធារបស់ខ្លួនបានឈានដល់កម្រិតកំណត់ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Focus កាលពីថ្ងៃសៅរ៍ ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ អះអាងថា ទីក្រុងប៊ែរឡាំងបានឈានដល់ដែនកំណត់ហើយ ក្នុងការផ្ទេរសំណាញ់មេឃ Patriot និងគ្រាប់មីស៊ីលស្ទាក់ចាប់ពីឃ្លាំងសព្វាវុធរបស់កងទ័ពអាល្លឺម៉ង់ បន្ទាប់ពីបានប្រគល់ពួកវាមួយចំនួនធំទៅឱ្យអ៊ុយក្រែនក្នុងអំឡុងសង្គ្រាម ។

លោក Pistorius សង្កត់ធ្ងន់ថា ការផ្តល់ជំនួយបន្ថែមនៅពេលនេះ អាចធ្វើឱ្យប្រព័ន្ធការពារជាតិរបស់អាល្លឺម៉ង់ខ្វះខាត ដោយសារសម្ភារដែលប្រគល់ទៅឱ្យអ៊ុយក្រែន មិនអាចជំនួសឡើងវិញក្នុងពេលខ្លីបានទេ ។

ទន្ទឹមគ្នា លោក Pistorius ដែលមានវ័យ៦៦ឆ្នាំរូបនេះ បានជំរុញឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត និងដៃគូអន្តរជាតិនានា ឱ្យបង្កើនការទទួលខុសត្រូវ ក្នុងការផ្គត់ផ្គង់សំណាញ់មេឃ Patriot និងមីស៊ីលស្ទាក់ចាប់ដល់អ៊ុយក្រែនជំនួសវិញ ។

បើតាម Kyiv Post, រដ្ឋបាលលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃទី៣០ ខែតុលា បានអនុម័តលើការលក់មីស៊ីលស្ទាក់ចាប់ PAC-3 MSE របស់សំណាញ់មេឃ Patriot ចំនួន ៥០០ គ្រាប់ ក្នុងតម្លៃប្រមាណ ២,១ ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ។

ប្រភពការទូតបញ្ជាក់ថា មីស៊ីល PAC-3 ក្នុងកិច្ចព្រមព្រៀងនេះ ជាមីស៊ីលផលិតថ្មី ហើយការដឹកជញ្ជូននឹងចាប់ផ្តើមក្រោយឆ្នាំ២០៣០ ។ មានន័យថា មីស៊ីលទាំងនេះមិនអាចផលិតរួច ដើម្បីជួយការពារអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី នៅរដូវរងាខាងមុខនេះបាននោះទេ ។

ដោយសារកង្វះខាតមីស៊ីលស្ទាក់ចាប់នៅអឺរ៉ុប អ៊ុយក្រែនបានប្រកាសពីគំនិតបង្កើតយន្តការបន្ទាន់មួយ ដើម្បីទទួលបានប្រព័ន្ធអាវុធការពារដែនអាកាសនេះ ចន្លោះពី ១០ ទៅ ៣០ គ្រាប់ ពីស្តុករបស់ប្រទេសជាដៃគូ ។

ក្រោមយន្តការនេះ អ៊ុយក្រែននឹងខ្ចីមីស៊ីលស្ទាក់ចាប់ដែលមានស្រាប់ពីសម្ព័ន្ធមិត្ត ហើយផ្តល់ការធានាថា នឹងសងមីស៊ីលទាំងនោះវិញ នៅពេលមីស៊ីលថ្មីផលិតចេញពីរោងចក្ររបស់សហរដ្ឋអាមេរិក ៕

ប្រភព ៖ Kyiv Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner