អ៊ីរ៉ង់ ជំរុញឱ្យ UN និង IAEA ថ្កោលទោស អាមេរិក ដែលផ្តល់រង្វាន់ ២០ លានដុល្លារ ជាថ្នូរនឹងព័ត៌មានកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់
តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី កាលពីថ្ងៃអង្គារ បានជំរុញឱ្យអង្គការសហប្រជាជាតិ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ថ្កោលទោសអាមេរិក ឆ្លើយតបការប្រកាសផ្តល់រង្វាន់រហូតដល់ ២០ លានដុល្លារដល់អ្នកណា ដែលអាចទម្លាយព័ត៌មានពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ។
ការជំរុញនេះ កើតឡើងក្រោយអ៊ីរ៉ង់បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គនាយក IAEA លោក រ៉ាហ្វាអែល ហ្គ្រូស៊ី ដោយចាត់ទុកការប្រកាសរបស់អាមេរិកថា ជាទង្វើគួរឱ្យស្អប់ខ្ពើម និងទាមទារឱ្យស្ថាប័នអន្តរជាតិទាំងនេះ រួមគ្នាថ្កោលទោសឱ្យច្បាស់លាស់ ។
បើតាមសារព័ត៌មានអ៊ីរ៉ង់ IRNA, លោក អារ៉ាក់ឈី និយាយថា កម្មវិធីផ្តល់រង្វាន់នេះ ត្រូវបានប្រកាសតាមរយៈកម្មវិធី «Rewards for Justice» របស់ក្រសួងការបរទេសអាមេរិក ហើយត្រូវបានបង្ហោះផ្សព្វផ្សាយឡើងវិញដោយទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) ។
លោកបន្ថែមថា ការផ្តល់រង្វាន់នេះ ស្វែងរកព័ត៌មានអំពីទីតាំងនុយក្លេអ៊ែរ ឧបករណ៍ អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកដែលពាក់ព័ន្ធជាមួយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំងផ្តល់លទ្ធភាពផ្លាស់ប្តូរទីលំនៅដល់អ្នកផ្តល់ព័ត៌មាន និងគ្រួសាររបស់ពួកគេផងដែរ ។
ជាការឆ្លើយតប លោក អារ៉ាក់ឈី បានចោទប្រកាន់អាមេរិកថា កំពុងលើកទឹកចិត្តឱ្យមានសកម្មភាពចារកម្មប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយលោកព្រមានថា គំនិតផ្តួចផ្តើមនេះ អាចធ្វើឱ្យអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងបុគ្គលិកបច្ចេកទេសរបស់អ៊ីរ៉ង់ ប្រឈមនឹងហានិភ័យនៃការធ្វើឃាត ការបំផ្លិចបំផ្លាញ និងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងៗ ។
ទន្ទឹមគ្នា ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ពិនិត្យមើលផលប៉ះពាល់ដែលអាចកើតមាន ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងទាមទារឱ្យអាមេរិកទទួលខុសត្រូវចំពោះសកម្មភាពដែលអ៊ីរ៉ង់ចាត់ទុកថាខុសច្បាប់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
