អ៊ីស្រាអែល សម្ញែងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មី អាចពាំក្បាលគ្រាប់ទម្ងន់ជាង ៤៥០ គីឡូក្រាម
ហ្ស៊េរុយសាឡឹម ៖ ក្រុមហ៊ុន Rafael Advanced Defense Systems របស់អ៊ីស្រាអែល បានសម្ញែងមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយជំនាន់ថ្មី មានឈ្មោះថា «Super Ice» ដែលអាចពាំក្បាលគ្រាប់ទម្ងន់ប្រហែល ៤៥៤ គីឡូក្រាម ។
បើតាមការប្រកាសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិនេះ, មីស៊ីល Super Ice អាចបាញ់ចេញពីប្រព័ន្ធអាវុធចំនួន ៣ ប្រភេទ រួមមាន យន្តហោះចម្បាំង ប្រព័ន្ធបាញ់ពីដីគោក និងនាវាចម្បាំង ។ សមត្ថភាពនេះផ្តល់នូវភាពបត់បែនកាន់តែខ្ពស់ សម្រាប់កងកម្លាំងយោធា ក្នុងការរៀបចំប្រតិបត្តិការវាយប្រហារគោលដៅរបស់សត្រូវ ។
ក្រុមហ៊ុននេះបានឱ្យដឹងទៀតថា មីស៊ីល Super Ice គឺជាសមាជិកថ្មីបំផុតនៃគ្រួសារមីស៊ីលនាំផ្លូវ Ice Breaker ដែលបង្កើតឡើងដោយក្រុមហ៊ុន Rafael សម្រាប់ការវាយប្រហារដោយភាពជាក់លាក់ខ្ពស់ ។
វាមានសមត្ថភាពវាយប្រហារពីចម្ងាយ ដែលអនុញ្ញាតឱ្យយោធាអាចបាញ់មីស៊ីលទៅកាន់គោលដៅ ដោយមិនចាំបាច់បញ្ជូនយន្តហោះចម្បាំង ឬប្រព័ន្ធបាញ់មីស៊ីលចូលទៅក្នុងដែនអាកាសដែលមានការការពារយ៉ាងរឹងមាំរបស់សត្រូវឡើយ ។
លក្ខណៈពិសេសរបស់វា គឺរចនាឡើងបំពាក់ដោយប្រព័ន្ធរុករកដោយស្វ័យប្រវត្តិ សមត្ថភាពហោះហើរក្នុងកម្ពស់ទាប អាចប្រតិបត្តិការបានក្នុងគ្រប់លក្ខខណ្ឌអាកាសធាតុ និងមានប្រព័ន្ធកំណត់ទិសដៅកម្រិតខ្ពស់ ដែលប្រើប្រាស់បច្ចេកវិទ្យាផ្គូផ្គងរូបភាព ដើម្បីកំណត់អត្តសញ្ញាណគោលដៅ ។
មីស៊ីលថ្មីនេះប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធបាញ់ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់រៀបចំផែនការបេសកកម្មរួមគ្នាជាមួយត្រកូលមីស៊ីល Ice Breaker ផ្សេងទៀត ដែលអនុញ្ញាតឱ្យវាអាចបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការដែលមានស្រាប់បានយ៉ាងរលូន ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
