អតីតមេ Nvidia លោក Jensen Huang មានទំនាក់ទំនងជាមួយបុគ្គលិកម្នាក់ទៀត ​

អាមេរិក ៖ ប្រភពព័ត៌មានបានឱ្យដឹង នៅថ្ងៃសុក្រនេះថា អតីតនាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបដ៏ធំរបស់អាមេរិក Nvidia គឺ លោក Jensen Huang មានទំនាក់ទំនងជាមួយបុគ្គលិកម្នាក់ទៀត ក្រៅពីអ្នកស្រី Alice Huang។

ទីភ្នាក់ងារព័ត៌មាន Reuters បានទទួលព័ត៌មានពីមនុស្សពីរនាក់ ដែលដឹងរឿងនេះ ទម្លាយឲ្យដឹងថា លោក Jensen Huang អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដែលទើបរបូតតំណែង CEO រូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយបុគ្គលិកម្នាក់ទៀត។

ការលាតត្រដាងនេះ កើតឡើងបន្ទាប់ពីមានករណីទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ចំនួនពីរផ្សេងទៀត ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាលែងពីតំណែង កាលពីថ្ងៃព្រហស្បតិ៍។

ស្ត្រីទាំងពីរនាក់នោះគឺ អ្នកស្រី Alice Huang ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកចោទថា ជាចារនារីចិន និងអ្នកស្រី Kimberly Powell ដែលជាអនុប្រធានផ្នែកថែទាំសុខភាពរបស់ក្រុមហ៊ុន Nvidia។

យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងថា ការចោទប្រកាន់អំពីចារកម្មចិន គឺជារឿងដែលគ្មានមូលដ្ឋានទាំងស្រុង និងជាការមួលបង្កាច់ដែលមានគោលបំណងវាយប្រហារមកលើទីក្រុងប៉េកាំង។

ក្រុមហ៊ុន Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ អ្នកស្រី Powell, លោក Jensen Huang និងតំណាងក្រុមប្រឹក្សាភិបាលរបស់ Nvidia មិនបានឆ្លើយតបចំពោះសំណើសុំការបំភ្លឺនោះទេ។ ចំណែកអ្នកស្រី Alice Huang ក៏មិនអាចទាក់ទងបានដើម្បីសុំការបំភ្លឺដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីទំនាក់ទំនងរបស់លោកជាមួយអ្នកស្រី Alice Huang, លោក Jensen Huang បានទទួលស្គាល់ថា មានទំនាក់ទំនងស្នេហាមួយ ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះស្ត្រីរូបនោះទេ។

បើតាម CNA, ការសម្រេចចិត្តលាលែងពីតំណែងរបស់អតីតនាយកប្រតិបត្តិ Nvidia រូបនេះ អាចនឹងបង្កផលប៉ះពាល់ដល់ឧស្សាហកម្មបញ្ញាសិប្បនិម្មិត ឬ AI ដែលលោកធ្លាប់បានចូលរួមចំណែកកសាងឡើង។

ក្រុមហ៊ុន Nvidia បានប្រើប្រាស់ធនធានហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួន ដើម្បីជួយបង្កើតឧស្សាហកម្មដែលពាក់ព័ន្ធនឹង AI តាមរយៈយន្តការហិរញ្ញវត្ថុស្មុគស្មាញមួយចំនួន ដែលជួយសម្រួលដល់ការទិញបន្ទះឈីប (chips) របស់ក្រុមហ៊ុន។

ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រុមហ៊ុន Nvidia បានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផ្តល់សេវាកម្មកុំព្យូទ័រលើប្រព័ន្ធពពក ឬ cloud computing និងមន្ទីរពិសោធន៍ស្រាវជ្រាវ AI នានា៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner