ខេត្តកំពតត្រៀមអំបុកកន្លះតោន សម្រាប់ពិធីសំពះព្រះខែ អកអំបុក លើរូបសំណាក «បាតដៃសុភមង្គល»

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលខេត្តកំពត នឹងរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូកប្រពៃណីរយៈពេល៣ថ្ងៃ។ អ្វីដែលកាន់តែពិសេស និងជាចំណុចទាក់ទាញបំផុតប្រចាំឆ្នាំនេះ គឺការរៀបចំពិធីអកអំបុក​នៅលើរូបសំណាក «បាតដៃសុភមង្គល» អមដោយការបាញ់កាំជ្រួច និងទស្សនីយភាពសិល្បៈចម្រុះជាច្រើន ។អំបុកប្រមាណកន្លះតោន ជាមួយចេក ដូងជាច្រើនស្ទង និងធ្លាយ ក៏បានត្រៀមសម្រាប់ព្រឹត្តិការណ៍នេះដែរ។

ព្រឹត្តិការណ៍អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយព្រែកកំពង់បាយ ខាងមុខឆ្នេរបាតដៃសុភមង្គល។

យោងតាមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានឯកភាពគ្នាយកទីតាំងរូបសំណាក «បាតដៃសុភមង្គល» ធ្វើជាកន្លែងប្រារព្ធពិធីអកអំបុក។ ការរៀបចំនេះ នឹងអនុញ្ញាត​ឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចឡើងទៅអុជធូបបួងសួង និងចូលរួមអកអំបុកនៅលើរូបសំណាកផ្ទាល់​តែម្តង​ជាបន្តបន្ទាប់ ខណៈរដ្ឋបាលខេត្តបានត្រៀមអំបុករហូតដល់ប្រមាណកន្លះតោន ព្រមទាំងចេក និងដូងជាច្រើនធ្លាយសម្រាប់ចែកជូន​កម្សាន្តសប្បាយរួមគ្នា។

ទន្ទឹមនឹងការប្រារព្ធពិធីអកអំបុក រដ្ឋបាលខេត្តក៏បានរៀបចំការបាញ់កាំជ្រួចនាពេលរានៅមាត់ព្រែក ការរៀបចំកន្លែងបណ្តែតប្រទីបព្រម​ទាំងមានការប្រគុំតន្ត្រីទាំងសម័យ និងប្រពៃណី ដើម្បីបង្កបរិយាកាសឱ្យកាន់តែគគ្រឹកគគ្រេងផងដែរ។ ដោយឡែក សម្រាប់ការ​ប្រកួត​ប្រណាំងទូកប្រពៃណី នឹងធ្វើឡើងក្នុងរយៈចម្ងាយ ១.០០០ម៉ែត្រ ដោយប្រើពេល៣ថ្ងៃ ដើម្បីស្វែងរកជើងឯកចំណាត់ថ្នាក់ពីលេខ១ ដល់​លេខ៣ ទទួលពានរង្វាន់ និងប្រាក់លើកទឹកចិត្តពីគណៈកម្មការរៀបចំការប្រកួត។

គួរបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភណភាពក្រុងឱ្យកាន់តែទាក់ទាញបន្ថែមទៀត អង្គប្រជុំក៏បានសម្រេចរៀបចំកែលម្អមាត់ព្រែកកំពង់​បាយត្រើយខាងលិច (ចន្លោះស្ពានចាស់ឥន្ទធនូ និងស្ពានថ្មី) ដោយតម្រូវឱ្យមានការរុះរើសំណង់មិនរៀបរយលើដីរដ្ឋចេញ រួចចាក់ដី​និងថ្មរៀបចំជាផ្លូវ និងសួនច្បារសាធារណៈដ៏ស្រស់ស្អាតសម្រាប់អង្គុយកម្សាន្តផងដែរ៕


ដោយ៖ សិលា សារិន

ads banner