ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស១.៩៧៦នាក់ស្លាប់ និង៤.៨៥៣នាក់របួសធ្ងន់ ហើយធ្វើឱ្យកម្ពុជាខាតបង់ថវិកាអស់ជាច្រើនរយលានដុល្លារ
ភ្នំពេញ៖ របាយការណ៍ប្រចំាឆ្នំានៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា កាលពីឆ្នំា២០១៧ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សទទួលរងរបួសធ្ងន់ជាង៤.៨៥៣នាក់ និងឆក់យកអាយុជីវិតមនុស្ស១.៩៧៦នាក់ និងធ្វើឱ្យប្រទេសកម្ពុជាបន្តខាតបង់ថវិកាអស់ជាច្រើនរយលានដុល្លារ ខណៈគ្រោះថ្នាក់ចរាចរណ៍កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធរ ចំពោះគ្រួសារ សហគមន៍ ការថែទំាងសុខភាព និងសេវាសុខភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ។
របាយការណ៍ខាងលើនេះ ត្រូវបានលោកជំទាវ មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញឱ្យដឹងនៅក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាព ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេសម្លៀកបំពាក់ និងផលិតស្បែកជើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ទី០៤ ខែមេសា ឆ្នំា២០១៩នេះ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ។ លោកជំទាវបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ ចាប់តំាំងពីឆ្នំា២០១៧មក ក្នុងគោលបំណងបង្កើនការរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត និងមានលទ្ធផលក្នុងរយៈពេលយូរអង្វែងនោះ អង្គការមូលនិធិបង្ការរបួសអាស៊ីបាននឹងកំពុងសហការ និងគំាត្រដល់ដៃគូ ដែលស្ថិតក្នុងក្រុមការងារ ដើម្បីសុវត្ថិភាពការដឹកជញ្ជូនកម្មករនិយោជិត ក្នុងការបង្កើតឱ្យមានយុទ្ធសាស្រ្ត និងផែនការសកម្មភាពដែលមានលក្ខណៈទូលំទូលាយ ដែលនឹងអាចរួមចំនែកកាត់បន្ថយការរងរបួស និងការស្លាប់របស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ។
ជាលទ្ធផល កាលពីខែមករា ឆ្នំា២០១៨កន្លងទៅ យុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍សម្រាប់គំាពារកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយទិសដៅយុទ្ធសាស្រ្តចំនួន៤ ត្រូវបានស្នើឡើងដើម្បីសម្រេចនូវចក្ខុវិស័យខាងលើដែលរួមមាន៖ ១.ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ និងគណនេយ្យភាព ២.ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការ ៣.ការបង្កើនសុវត្ថិភាពយានយន្ត និងមធ្យោបាយធ្វើដំណើរ និង៤.ការបង្កើនសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវ ។
នាឱកាសនោះដែរ លោកជំទាវ មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញអធិបតីក្នុងពិធីប្រគល់លិខិតសរសើរជូនដល់សិក្ខាកាម ដែលបានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលដ៏មានសារសំខាន់នេះផងដែរ ៕