ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបងប្រាប់ថា ច្រកទ្វារនិងសម្របសម្រួលឱ្យពលករខ្មែរឆ្លងដែនមកលេងស្រុកកំណើតថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរឱ្យមានសុវត្ថិភាព និងមិនយកលុយកាក់នោះឡើយ
ខេត្តបាត់ដំបង៖
ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ឈមនិងច្រកទ្វារអន្តរជាតិបានឡែម ស្រុកពោងណាំរ៉ង ខេត្តច័ន្ទបុរី នៅរសៀលថ្ងៃទី៤ ខែមេសា ២០១៩ លោក ហម សំខាន់ ប្រាប់ឱ្យដឹងថា ច្រកទ្វារអន្តរជាតិដូងបានត្រៀមរួចជាស្រេចដើម្បីសម្របសម្រួលឱ្យពលករខ្មែរ ធ្វើការងារនៅក្នុងប្រទេសថៃឆ្លងដែនមកលេងស្រុកកំណើតនៅរដូវបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរឆ្នាំនេះឱ្យមានសុវត្ថិភាពនិងមិនប៉ះពាល់យកលុយពីពលករខ្មែរនោះឡើយ។កិច្ចការងារនេះក៏បានសម្របសម្រួលជាមួយភាគីថៃក៏ដូចជាមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធកម្ពុជានៅមាត់ច្រកទ្វាររួចមកហើយឱ្យយោគយល់ដល់ពលករខ្មែរសម្រាប់ការធ្វើដំណើរឆ្លងដែនមកលេងស្រុកកំណើតឱ្យបានល្អ។
លោកប្រធានស្នាក់ច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងប្រាប់ទៀតថា នៅច្រកទ្វារបានបោះតង់ទីស្នាក់ការសម្រាប់ពលករខ្មែរឆ្លងដែនចូលមកឈប់សម្រាក់ រៀបចំមានកៅអី និងមានទឹកសម្រាប់ទទួលដល់ពួកគាត់មុននិងពួកគាត់ធ្វើដំណើរចាកចេញទៅស្រុកកំណើត។
ប្រធានសា្នក់ការច្រកទ្វារអន្តរជាតិដូង លោក ហម សំខាន់ ប្រាប់ឱ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះពលករខ្មែរឆ្លងដែនចូលមកកម្ពុជា នៅមានចំនួនតិចតួចនៅឡើយនោះទេក្នុង១ថ្ងៃ២០០ទៅ៣០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលជិតដល់ថ្ងៃចូលឆ្នាំពលករខ្មែរនិងអាចឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិដូងយ៉ាងគំហុក។
សូមបញ្ជាក់ថាច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង ឈមនិងច្រកទ្វារអន្តរជាតិបានឡែម ស្រុកពោងណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ ជាច្រកទ្វារដែលគេកត់សំគាល់ឃើញថានៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរនិងរដូវបុណ្យភ្ជុំបិណ្ឌគឺមានពលករខ្មែរឆ្លងដែនចេញចូលប្រទេសថៃរាប់ម៉ឺននាក់។ការឆ្លងដែនយ៉ាងគំហុកមកលេងស្រុកកំណើតរបស់ពលករខ្មែរតាមច្រកទ្វារអន្តរជាតិដូង ជារៀងរាល់ឆ្នាំគេមើលឃើញថាក៏បានបង្កឱ្យមានការកកស្ទះចរាចរណ៍ ដែលការរៀបចំសណ្តាប់ធ្នាប់និងការយកចំណីផ្លូវធ្វើអាជីវកម្ម មិនអាចដោះស្រាយបានល្អនៅឡើយនោះទេ៕