អ្នកជំនាញ៖ បច្ចេកវិទ្យាឌីជីថលជួយពន្លឿនការងារស្រាវជ្រាវ និងកំណត់ទីតាំងកំណាយបុរាណ
អ្នកជំនាញក្នុងវិស័យបុរាណវិទ្យាបានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបៗ មានសារសំខាន់ក្នុងការជួយពន្លឿនដំណើរការស្រាវជ្រាវ និងកំណត់ទីតាំងកំណាយបេតិកភណ្ឌយ៉ាងជាក់លាក់។
អ្នកជំនាញលើកឡើងដូចគ្នាថា បច្ចេកវិទ្យាទំនើបដូចជា AI និង LIDAR បានជួយពន្លឿនការងារ និងកំណត់ទីតាំងបុរាណវិទ្យាបានយ៉ាងជាក់លាក់ ប៉ុន្តែការផ្ទៀងផ្ទាត់ទិន្នន័យជាមួយការចុះស្រាវជ្រាវផ្ទាល់ និងសហគមន៍មូលដ្ឋាននៅតែជាកត្តាមិនអាចខ្វះបាន។ ក្រុមអ្នកជំនាញបុរាណវិទ្យាលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពី «បុរាណវិទ្យាឌីជីថល៖ សារប្រយោជន៍ និងការអភិរក្សអតីតកាល ដើម្បីជាមូលដ្ឋានសម្រាប់អនាគត» រៀបចំដោយអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ១៦ វិច្ឆិកា។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងដើម្បីចែករំលែកចំណេះដឹងស្តីពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃការគ្រប់គ្រងទិន្នន័យបេតិកភណ្ឌ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្តថា ការសិក្សាស្រាវជ្រាវអំពីនរវិទ្យាជាមួយសហគមន៍មនុស្សផ្ទាល់នៅតែមានភាពចាំបាច់ ដើម្បីធានាបាននូវព័ត៌មានពិតប្រាកដ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អន សុភាព អនុប្រធានការិយាល័យនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានកត់សម្គាល់ថា ទោះបីបច្ចេកវិទ្យាឌីជីថលជួយឱ្យយើងចំណេញពេលវេលាក៏ដោយ ក៏មិនអាចសន្និដ្ឋានជាក់លាក់បានទាំងស្រុងដែរ ដោយមានឧទាហរណ៍ពីការប្រើប្រាស់បច្ចេកវិទ្យា LIDAR នៅប្រាសាទ ទរ ដែលរកឃើញទួលតូចៗចំនួន ១០០ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានពីអត្ថន័យច្បាស់លាស់បានឡើយ ពោលគឺត្រូវបន្តស្រាវជ្រាវរួមគ្នាជាមួយក្រុមជំនាញនិងសហគមន៍។
ចំណែក លោកបណ្ឌិត រស់ សយម្ភូ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យខេមតិច បានបន្ថែមថា បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងបច្ចេកវិទ្យាទំនើបៗពិតជាមានប្រយោជន៍ខ្លាំងក្នុងការជួយសម្រួលដល់ការសិក្សាស្រាវជ្រាវ ប៉ុន្តែវាមិនអាចជំនួសការសន្និដ្ឋានរបស់មនុស្សបានទេ។ ដូច្នេះរាល់ការងារអភិរក្ស និងការកំណាយផ្នែកបុរាណវិទ្យា ទាមទារឱ្យមានការសហការផ្ទៀងផ្ទាត់ទិន្នន័យជាមួយអ្នកជំនាញ និងសហគមន៍មូលដ្ឋានទើបទទួលបានលទ្ធផលត្រឹមត្រូវច្បាស់លាស់៕ ទួន សុផល




