ប្រមុខ UN គាំទ្រការបន្តកិច្ចសន្ទនាជាមួយ មីយ៉ាន់ម៉ា ប៉ុន្តែទាមទារឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់

ម៉ានីល ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការទូតថ្មីរបស់អាស៊ាន ក្នុងការបន្តទំនាក់ទំនង និងកិច្ចសន្ទនាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារយោធា ប៉ុន្តែលោកថា អំពើហិង្សា និងការរំលោភសិទ្ធិមនុស្សត្រូវតែបញ្ឈប់ជាបន្ទាន់ ។

លោក ហ្គូទែរ៉េស បានថ្លែងអះអាងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ បន្ទាប់ពីមេដឹកនាំអាស៊ានបានឯកភាពគ្នាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្នុងការបន្តទំនាក់ទំនងជាមួយប្រទេសដែលហែកហួរដោយសង្គ្រាមួយនេះ ។

បើតាម AFP, លោក ហ្គូទែរ៉េស បានលើកឡើងថា អង្គការសហប្រជាជាតិមិនដែលប្រឆាំងនឹងគំនិត នៃការចូលរួមកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធនានាក្នុងជម្លោះនោះទេ ។

ប៉ុន្តែលោកថា ការចូលរួមកិច្ចសន្ទនាមិនមែនមានន័យថា ជាការបន្ធូរបន្ថយ ឬការអនុគ្រោះដល់ការរំលោភសិទ្ធិមនុស្ស ដែលមិនអាចអត់ឱនបាននៅមីយ៉ាន់ម៉ានោះទេ ។

ប្រមុខយូអិនរូបនេះ បានសង្កត់ធ្ងន់ថា ការបញ្ឈប់អំពើហិង្សា ការធានាឱ្យមានជំនួយមនុស្សធម៌ និងការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយបំពានច្បាប់ គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់ការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ។

ការអត្ថាធិប្បាយរបស់លោក ហ្គូទែរ៉េស កើតឡើងចំពេលដែលតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ (ICJ) កំពុងត្រៀមពិនិត្យ និងសម្រេចលើសំណុំរឿងដែលចោទប្រកាន់មីយ៉ាន់ម៉ាថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner