ថៃខឹងកម្ពុជាលើកបញ្ហាព្រំដែនក្នុងវេទិកាអន្តរជាតិ តែកម្ពុជាថាខ្លួនបង្ហាញតែការពិតប៉ុណ្ណោះ
ប្រទេសថៃបានសម្តែងការមិនពេញចិត្ត ដែលកម្ពុជាបន្តលើកឡើងពីបញ្ហាព្រំដែនក្នុងវេទិកាអន្តរជាតិនានា ជាពិសេសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ក្នុងសេចក្តីប្រកាសព័ត៌មានផ្សព្វផ្សាយនៅថ្ងៃនេះ ក្រសួងការបរទេសថៃបញ្ជាក់ថា ប្រទេសថៃបានចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃអង្គការហ្វ្រង់កូហ្វូនី លើកទី ៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ នៅរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ក្រៅពីលើកឡើងពីការឈ្លានពានរបស់ប្រទេសថៃ កម្ពុជាក៏បានដាក់តាំងបង្ហាញរូបប្រាសាទព្រះវិហារដែលខូចខាតដោយការវាយប្រហាររបស់យោធាថៃ ព្រមទាំងប្រាសាទតាមាន់ និងប្រាសាទតាក្របី ក៏ដូចជារូបថតមួយចំនួនបង្ហាញពីស្ថានភាពប្រជាពលរដ្ឋភៀសសឹក អ្នករងរបួស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា ដែលកើតឡើងដោយសារជម្លោះព្រំដែនកាលពីឆ្នាំ២០១១។
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា អ្វីដែលកម្ពុជាបង្ហាញទៅកាន់ពិភពលោកនាពេលនេះ គឺជាការពិតដែលបានកើតឡើង។ ជាមួយគ្នានេះ កម្ពុជាក៏បើកចំហឱ្យគណៈប្រតិភូអន្តរជាតិ និងអ្នកសារព័ត៌មានបរទេស ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ដើម្បីផ្ទៀងផ្ទាត់ថា អ្វីដែលកម្ពុជាលើកឡើង គឺជាការពិត មិនមែនជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះទេ។
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ការយកបញ្ហាជម្លោះព្រំដែន ទៅលើឆាកអន្តរជាតិ វាអាចបង្កផលប៉ះពាល់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រក្នុងការជំរុញឱ្យប្រទេសថៃទទួលយកយន្តការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ជាជាងការប្រើប្រាស់កម្លាំងបាយ និងអូសបន្លាយបញ្ហានេះកាន់តែយូរ។
លោកយល់ថា កម្ពុជាគឺស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ដោយជ្រើសរើសយកយន្តការ ការទូត និងច្បាប់ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ថៃ និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងឯកសារគតិយុត្តប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់៕
សៅ សុខអេង
