ក្រោយបញ្ចប់កិច្ចចរចា លោក Zelensky ថា រុស្ស៊ី កំពុងរៀបផែនការថ្មីវាយប្រហារឈុតធំលើ អ៊ុយក្រែន
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានកាលពីថ្ងៃ ចន្ទថា កងកម្លាំងរុស្ស៊ីកំពុងរៀបចំផែនការថ្មី ដើម្បីវាយប្រហារតាមផ្លូវអាកាសឈុតធំលើអ៊ុយក្រែន ។
លោក Zelensky និយាយថា ប្រជាពលរដ្ឋអ៊ុយក្រែនគួរតែយកចិត្តទុកដាក់ខ្ពស់នៅពេលលាន់ឮសំឡេងស៊ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមអាកាស ដោយសារតែរូបលោកទទួលបានព័ត៌មានមកថា រុស្ស៊ីត្រៀមផែនការការវាយប្រហារទ្រង់ទ្រាយធំថ្មីរួចរាល់អស់ហើយ ស្របពេលមានការផ្គត់ផ្គង់មីស៊ីលផ្លោងពីកូរ៉េខាងជើង ។
លោក Zelensky អះអាងថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់មីស៊ីលផ្លោងដល់រុស្ស៊ី ក្នុងចំនួនរាប់សិបគ្រាប់ជារៀងរាល់ខែ ។
លោក Zelensky ព្រមានថា នេះគឺជារឿងគ្រោះថ្នាក់ខ្លាំងបំផុត ហើយមិនមែនតែអ៊ុយក្រែននោះទេ ពោលស្ថានការណ៍នេះ នឹងបង្កើតបញ្ហាប្រឈមបន្ថែមសម្រាប់តំបន់ទាំងមូលជុំវិញឧបទ្វីបកូរ៉េផងដែរ ។
បើតាម Kyiv Independent, ការព្រមាននេះកើតមានឡើង ចំពេលដែលកងកម្លាំងរុស្ស៊ីនៅតែបន្តបាញ់ប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន ទោះបីជាកិច្ចខិតខំប្រឹងប្រែងការទូតអន្តរជាតិ ដើម្បីជំរុញការចរចាសន្តិភាពកំពុងត្រូវបានធ្វើឡើងជាថ្មីក៏ដោយ ។
ជាមួយគ្នានេះ លោក Zelensky ក៏បានចោទប្រកាន់រុស្ស៊ីផងដែរថា គ្មានបំណងបញ្ចប់សង្គ្រាមដោយយុត្តិធម៌នោះទេ ហើយបែរជាកំពុងព្យាយាមអូសបន្លាយការវាយប្រហារ និងបង្កើនទុក្ខវេទនាដល់ប្រជាជនអ៊ុយក្រែនទៅវិញ ។
ជាក់ស្តែង ទីភ្នាក់ងារចារកម្មអ៊ុយក្រែន ហៅកាត់ HUR បានឱ្យដឹងថា រុស្ស៊ីកំពុងបង្កើនសមត្ថភាពផលិតមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវ ហើយទំហំផលិតកម្មមីស៊ីលដែលរុស្ស៊ីគ្រោងនឹងសម្រេចឱ្យបាននោះ មិនមែនជាសញ្ញានៃការត្រៀមខ្លួនសម្រាប់សន្តិភាពនោះឡើយ ៕
ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា
