ចិន សំងំអភិវឌ្ឍឧទ្ធម្ភាគចក្រគ្មានមនុស្សបើកប្រើថាមពលអ៊ីដ្រូសែនដំបូងបង្អស់

ប៉េកាំង ៖ ក្រុមអ្នកស្រាវជ្រាវចិន កំពុងសំងំអភិវឌ្ឍឧទ្ធម្ភាគចក្រគ្មានមនុស្សបើកដំបូងបង្អស់ ដែលមានទម្ងន់ប្រមាណ ២០ គីឡូក្រាម និងប្រើប្រាស់ថាមពលអ៊ីដ្រូសែន ព្រមទាំងបង្កើតប្រព័ន្ធជំរុញចំនួនពីរប្រភេទ ដើម្បីពង្រីកសមត្ថភាពហោះហើរ ក៏ដូចជាបំផុសការប្រើប្រាស់បច្ចេកវិទ្យាអាកាសចរណ៍ថាមពលស្អាត ។
 
បើតាម Global Times, ក្រុមស្រាវជ្រាវដឹកនាំដោយលោក Mao Qing សាស្ត្រាចារ្យរងនៅសាលាវិស្វកម្មគីមី នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Dalian បានបង្កើតគំរូឧទ្ធម្ភាគចក្រគ្មានមនុស្សបើកចំនួន ២ ប្រភេទ ដែលមានប្រព័ន្ធផ្គត់ផ្គង់ថាមពលខុសគ្នា ។
 
ក្នុងនោះប្រព័ន្ធទី១ ៖ ប្រើប្រាស់កោសិកាឥន្ធនៈអ៊ីដ្រូសែនសុទ្ធ ដោយបំពាក់ធុងផ្ទុកអ៊ីដ្រូសែនចំណុះ ១២ លីត្រ ដែលមានសមត្ថភាពហោះហើរបានដល់ទៅ ៣ ម៉ោង ។

ប្រព័ន្ធទី២ ៖ ប្រើប្រាស់បច្ចេកវិទ្យាកូនកាត់រវាងអ៊ីដ្រូសែន និងថ្មលីចូម ដោយបំពាក់ធុងអ៊ីដ្រូសែនចំណុះ ៥ លីត្រ ដែលមានសមត្ថភាពហោះហើរបានត្រឹមតែ ១ម៉ោងកន្លះប៉ុណ្ណោះ ។
 
ចំណុចពិសេស គឺឧទ្ធម្ភាគចក្រគ្មានមនុស្សបើកដែលប្រើថ្មលីចូមធម្មតា និងមានទម្ងន់ក្នុងកម្រិតដូចគ្នា ជាទូទៅអាចហោះហើរបានត្រឹមប្រហែល ៣០ នាទីប៉ុណ្ណោះ ។ ដូច្នេះ បច្ចេកវិទ្យាកោសិកាឥន្ធនៈអ៊ីដ្រូសែនអាចបង្កើនរយៈពេលហោះហើរបានយ៉ាងច្រើន ។
 
ទន្ទឹមគ្នា ក្រុមស្រាវជ្រាវក៏បានអភិវឌ្ឍប្រព័ន្ធកោសិកាឥន្ធនៈប្រើខ្យល់សម្រាប់បញ្ចុះកម្ដៅ ដែលបានឆ្លងកាត់ការធ្វើតេស្តក្រោមលក្ខខណ្ឌសីតុណ្ហភាព សំណើម និងការប៉ះពាល់នឹងអ័ព្ទទឹកប្រៃផ្សេងៗគ្នា ដោយបង្ហាញពីសមត្ថភាពដំណើរការប្រកបដោយស្ថិរភាព និងភាពធន់ជាមួយបរិស្ថាន ។
 
លើសពីនេះ ក្រុមស្រាវជ្រាវក៏បានបង្កើតដោយខ្លួនឯងនូវភ្នាសអេឡិចត្រូត (Membrane Electrode) ដែលជួយបង្កើនរយៈពេលហោះហើរ និងផ្តល់ភាពបត់បែនកាន់តែប្រសើរផ្នែកទម្ងន់ និងថាមពលផងដែរ ។
 
គំរូឧទ្ធម្ភាគចក្រគ្មានមនុស្សបើកទាំងពីរប្រភេទនេះ បានបញ្ចប់ការសាកល្បងហោះហើរតាមឆ្នេរសមុទ្រដោយជោគជ័យ ក្រោមលក្ខខណ្ឌខ្យល់បក់ខ្លាំង និងបង្ហាញពីស្ថិរភាពក្នុងការហោះហើរ ព្រមទាំងសមត្ថភាពប្រតិបត្តិការក្នុងបរិស្ថានលំបាក ។
 
បច្ចេកវិទ្យាថ្មីនេះ ត្រូវបានរំពឹងថា នឹងអាចយកទៅប្រើប្រាស់ក្នុងការត្រួតពិនិត្យទីក្រុង ធ្វើប្រតិបត្តិការនៅតំបន់សមុទ្រ និងការស្ទាបស្ទង់មើលតំបន់ភ្នំ ព្រមទាំងជួយជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពស់ទាប ដែលប្រើប្រាស់ថាមពលស្អាតរបស់ប្រទេសចិន ៕
 
ប្រភព ៖ Global Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner