រុស្ស៊ី ព្រមានថា វត្តមានទាហាន បារាំង នៅ អ៊ុយក្រែន គឺជាការលូកដៃផ្ទាល់ក្នុងសង្គ្រាម

មូស្គូ ៖ ប្រមុខការទូតរុស្ស៊ីព្រមានថា វត្តមានរបស់ទាហានបារាំងនៅអ៊ុយក្រែន គឺជាការលូកដៃដោយផ្ទាល់ចូលទៅក្នុងភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និយាយថា រុស្ស៊ីបានដឹងអំពីវត្តមានកងទ័ពបារាំង ដែលដាក់ពង្រាយនៅអ៊ុយក្រែន ហើយចាត់ទុកសកម្មភាពនេះថា ជាការចូលរួមដោយផ្ទាល់ក្នុងសង្គ្រាម ។ លោក Lavrov បន្ថែមថា ជាមួយគ្នានេះ ភាគីរុស្ស៊ីក៏បានផ្ញើសារបង្ហាញពីការព្រួយបារម្ភទៅកាន់ភាគីបារាំងរួចហើយ ។

ការព្រមានរបស់លោក Lavrov នេះកើតឡើង បន្ទាប់ពីប្រភពព័ត៌មានមួយបានប្រាប់ AFP ថា ទាហានបារាំងកំពុងបំពេញប្រតិបត្តិការនៅអ៊ុយក្រែនជាច្រើនខែមកហើយ ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែន និងជួយថែទាំសម្ភារយោធា ។

ប្រភពបន្តថា បេសកកម្មរបស់ក្រុមទាហានបារាំងមួយចំនួនតូចនេះ មិនមែនចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ីនោះទេ ។ រីឯការប្តូរវេនរបស់គ្រូបង្ហាត់យោធាបារាំង ដែលកំពុងគាំទ្រអ៊ុយក្រែន គឺជាការពិត ។

ប៉ុន្តែប្រភពអះអាងថា នេះមិនមែនជាប្រតិបត្តិការយោធានោះទេ ហើយក៏គ្មានចេតនាណាមួយ ក្នុងការចូលរួមសកម្មភាពប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកងកម្លាំងរុស្ស៊ីឡើយ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner