លោក Trump គំរាមសងសឹក អ៊ីរ៉ង់ ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បើសិនហ៊ានវាយប្រហារលើមន្រ្តីអាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបោះពាក្យសម្តីគំរាមសងសឹកអ៊ីរ៉ង់ឱ្យធ្ងន់ធ្ងរបំផុត ដែលមិនធ្លាប់មានប្រទេសណាមួយលើពិភពលោកធ្លាប់ជួបប្រទះ ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះ ហ៊ានវាយប្រហារលើក្រុមមន្រ្តីអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ។

លោក ត្រាំ បានប្រាប់អ្នកកាសែត អំឡុងដំណើរទស្សនកិច្ចនៅហ្វីលីពីន កាលពីថ្ងៃអង្គារ ថា អាជ្ញាធរអាមេរិកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការគំរាមកំហែងដែលអាចកើតមានចំពោះទីក្រុងវ៉ាស៊ីនតោន ក្រោយទទួលដំណឹងថា អ៊ីរ៉ង់កំពុងរៀបចំផែនការកំណត់គោលដៅលើមន្ត្រីអាមេរិក ដោយអាចប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ មេដឹកនាំអាមេរិករូបនេះ បានព្រមានថា ប្រសិនបើមានការគំរាមកំហែងបែបនេះមែន នោះអ៊ីរ៉ង់នឹងត្រូវបង់តម្លៃដែលមិនធ្លាប់មានប្រទេសណាមួយក្នុងប្រវត្តិសាស្ត្របានបង់ពីមុនមកឡើយ ។

ទោះបីយ៉ាងណា រូបលោកសង្ឃឹមថា រឿងមួយនេះនឹងមិនមែនជាការពិតទេ ប៉ុន្តែអាមេរិកពិតជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីព្រោះពួកគេជាមនុស្សដែលមានភាពឆ្កួតលីលា ។

ការគំរាមរបស់លោក ត្រាំ នេះកើតឡើង បន្ទាប់ពី CNN បានចុះផ្សាយដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិកចំនួន៧រូបថា ចារកម្មអាមេរិករកឃើញសញ្ញាដែលអ៊ីរ៉ង់កំពុងត្រៀមផែនការកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ត្រាំ តាមរយៈការបំផ្ទុះគ្រាប់បែកវិទ្យុសកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន ។

គ្រាប់បែកវិទ្យុសកម្ម គឺជាគ្រាប់បែកផ្ទុះធម្មតាដែលត្រូវបានលាយឡំជាមួយសារធាតុគីមី ឬសារធាតុវិទ្យុសកម្ម ដើម្បីបំបែក និងរាលដាលសារធាតុគ្រោះថ្នាក់ទាំងនោះ ចូលទៅក្នុងបរិស្ថាន នៅពេលពួកវាត្រូវបានបំផ្ទុះ ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាកាអ៊ី បានច្រានចោលរបាយការណ៍នេះ ដោយហៅវាថា ជាព័ត៌មានប្រឌិត ហើយថែមទាំងបានចោទថា អាមេរិកកំពុងព្យាយាមរៀបចំមូលដ្ឋាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបើកផ្លូវសម្រាប់ផែនការអាក្រក់របស់ខ្លួនតែប៉ុណ្ណោះ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner