អាមេរិក និងអ៊ីរ៉ង់ បាញ់តបតគ្នា ទោះបីមានការចរចាជាមួយភាគីសម្របសម្រួលក៏ដោយ

តេហេរ៉ង់, វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់តបតគ្នា កាលពីថ្ងៃអង្គារ ដោយសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បានអះអាងថា ខ្លួនបានវាយប្រហារប្រព័ន្ធរ៉ាដាយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន។ 
ហេតុការណ៍នេះបានកើតឡើង ទោះបីជាមានការចរចារវាងអ៊ីរ៉ង់ និងភាគីសម្របសម្រួល គឺប្រទេសអូម៉ង់ និងកាតាក៏ដោយ។

បើតាម CBC, ការបាញ់តបតគ្នាចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នេះ គឺជាការរំលឹកឱ្យឃើញពីការលំបាកក្នុងការបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត ៩ ខែមកហើយ។
សង្គ្រាមនេះបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាជួបភាពមិនស្ថិតស្ថេរ ធ្វើឱ្យតម្លៃថាមពលសកលកើនឡើង និងបង្កឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកបោះឆ្នោតអាមេរិកនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលបានជះឥទ្ធិពលអវិជ្ជមានដល់គណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

មន្ត្រីយោធាអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា យន្តហោះចម្បាំងអាមេរិកបានបើកការវាយប្រហារលើទីតាំងបាញ់មីស៊ីលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ​នៅលើកោះ Qeshm ក្នុងច្រកសមុទ្រ Hormuz ដើម្បីឆ្លើយតបទៅនឹង «អំពើឈ្លានពានរបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅលើបុគ្គលិក និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក»។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ បានរាយការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកមិនបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធឡើយ។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានកំណត់គោលដៅវាយប្រហារលើប្រព័ន្ធរ៉ាដាយោធារបស់សហរដ្ឋអាមេរិកនៅឯមូលដ្ឋាន Sheikh Isa ក្នុងប្រទេសបារ៉ែន។ ពួកគេក៏បានព្រមានប្រទេសបារ៉ែនផងដែរ ពាក់ព័ន្ធនឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងជំហររបស់ខ្លួនចំពោះក្រុមបព្វជិតនិកាយស៊ីអ៊ីត (Shi’ite)។

ប្រទេសបារ៉ែន ដែលជាទីតាំងនៃទីបញ្ជាការកងនាវាទី ៥ របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហារនោះ ហើយមិនមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិត ឬការខូចខាតណាមួយឡើយ។

លោក Majed Al Ansari អ្នកនាំពាក្យរបស់ប្រទេសកាតា បានឱ្យដឹងថា មន្ត្រីកាតា និងអ៊ីរ៉ង់បានជួបពិភាក្សាគ្នានៅថ្ងៃអង្គារ ដោយមានគោលបំណង «ផ្សារភ្ជាប់ទស្សនៈ និងកាត់បន្ថយគម្លាតរវាងសំណើផ្សេងៗដែលបានលើកឡើង»។

កិច្ចពិភាក្សានេះធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi កំពុងបំពេញទស្សនកិច្ចនៅប្រទេសអូម៉ង់។

ក្រសួងការបរទេសអូម៉ង់បានឱ្យដឹងថា លោក Araqchi បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ អំពីការការពារច្រកផ្លូវសមុទ្រ ការធានាឱ្យមានលំហូរនៃការដឹកជញ្ជូន។

លោក Araqchi បានលើកឡើងនៅក្នុងសារមួយនៅលើកម្មវិធី Telegram ថា លោកក៏បានជួបជាមួយស៊ុលតង់ Haitham bin Tariq នៃប្រទេសអូម៉ង់ ហើយបានជម្រាបជូនទ្រង់អំពីគំនិតផ្តួចផ្តើមផ្នែកការទូតរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕

ប្រភព ៖ CBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner