បារាំងចាប់ខ្លួន ១៥.០០០នាក់ អំឡុងបាតុកម្មពាក់ព័ន្ធសាលារៀន និងថ្លៃចំណាយជីវភាព
ប៉ារីស ៖ មនុស្ស ១៥.០០០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលមានការតវ៉ាពាក់ព័ន្ធនឹងសាលារៀន និងថ្លៃចំណាយជីវភាពនៅប្រទេសបារាំង។នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃអង្គារ។
លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង បានប្រាប់ថា ប៉ូលិសបានចាប់ខ្លួន ឬឃាត់ខ្លួនមនុស្សប្រហែល ១៥.០០០ នាក់ ក្នុងអំឡុងពេលមានការតវ៉ាពាក់ព័ន្ធនឹងថ្លៃចំណាយជីវភាព និងសាលារៀនមធ្យមសិក្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Darmanin បានឱ្យដឹងថា មនុស្សចំនួន ៧.១៨៤ នាក់ត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលមានការតវ៉ាប្រឆាំងនឹងអតិផរណា និងទាមទារដំឡើងប្រាក់ខែ ចាប់តាំងពីថ្ងៃទី ១៧ ខែតុលាមក ដែលក្នុងនោះ ការតវ៉ាមួយចំនួនបានប្រែក្លាយទៅជាអំពើហិង្សាធ្ងន់ធ្ងរ។
មនុស្សចំនួន ៨.០០០ នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលមានការតវ៉ារបស់សិស្សវិទ្យាល័យ ពាក់ព័ន្ធនឹងលក្ខខណ្ឌនៅក្នុងសាលារៀន។
រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ក្នុងចំណោមករណីចាប់ខ្លួនពាក់ព័ន្ធនឹងថ្លៃចំណាយជីវភាព មាន ៣.០៥៣ ករណីត្រូវបានចោទប្រកាន់ជាផ្លូវការ ហើយក្នុងនោះ មាន ៤៦៦ ករណីត្រូវបានតុលាការសម្រេចដាក់ទោសឱ្យជាប់ពន្ធនាគារ (ដោយមាន ១៩៥ ករណីត្រូវជាប់ពន្ធនាគារភ្លាមៗ និងករណីផ្សេងទៀតជាទោសព្យួរ)។
លោកបានបន្ថែមថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានមនុស្សពេញវ័យចំនួន ៤.៥២៣ នាក់ និងអនីតិជនចំនួន ២.៦៦១ នាក់ ដោយក្នុងនោះ មានអនីតិជន ៥ នាក់នៅតែបន្តស្ថិតក្រោមការឃាត់ខ្លួននៅឡើយ។
លោកបានលើកឡើងថា ការតវ៉ាកាលពីថ្ងៃទី ១៧ ខែតុលា ដែលបានផ្ទុះឡើងជាអំពើហិង្សាធ្ងន់ធ្ងរនៅក្នុងទីក្រុងជាច្រើននោះ គឺជាហេតុការណ៍ដែលនាំឱ្យមានការចាប់ខ្លួន និងឃាត់ខ្លួនមនុស្សប្រហែល ២ ភាគ ៣ នៃចំនួនសរុប។
លោក Darmanin បានបញ្ជាក់ថា ក្នុងចំណោមការចាប់ខ្លួនប្រហែល ៨.០០០ នាក់ នៅក្នុងការតវ៉ារបស់សិស្សដែលបានកើតឡើងដាច់ដោយឡែកចាប់តាំងពីខែកញ្ញាមក មានមនុស្សតែ ៣ នាក់ប៉ុណ្ណោះដែលត្រូវបានឃាត់ខ្លួនបន្ត ហើយពួកគេសុទ្ធតែជាមនុស្សពេញវ័យ ដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារលើប៉ូលិស ឬគ្រូបង្រៀន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
