«ភូមិហ្វ្រង់កូហ្វូនី» នៅភ្នំពេញ បិទបញ្ចប់ដោយជោគជ័យ ទាក់ទាញភ្ញៀវទស្សនាជាង ៦៦ម៉ឺននាក់ លើសការរំពឹងទុកជាង ៦ដង

ភ្នំពេញ៖ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល ៥ថ្ងៃ នៅរាជធានីភ្នំពេញ បានបិទបញ្ចប់ដោយជោគជ័យលើសពីការរំពឹងទុក ដោយទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនារហូតដល់ជាង ៦៦ម៉ឺននាក់ ពោលគឺកើនឡើងជាង ៦ដង ធៀបនឹងការព្យាករដំបូងត្រឹម ១០ម៉ឺននាក់ប៉ុណ្ណោះ។

ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកកំណើន​ភ្ញៀវដ៏​ច្រើនលើសលុបនេះថា ជាជោគជ័យដ៏ត្រចះត្រចង់ក្រោមស្មារតី «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។ ឯកឧត្តមសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញឱ្យពិភពលោកឃើញពីសមត្ថភាព ភាពចាស់ទុំ និងភាពជាម្ចាស់ការរបស់កម្ពុជា ក្នុងការរៀបចំ​ព្រឹត្តិការណ៍កម្រិតអន្តរជាតិ។

បើតាមឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនី លើផ្ទៃដីជាង ១ម៉ឺនម៉ែត្រការ៉េ នៅសួនច្បារមុខវត្តបទុមវត្តី បានប្រមូលផ្តុំស្តង់ពិព័រណ៍ចំនួន ១៣០ និងស្តង់ម្ហូបអាហារចំនួន ៣០ ដែលបង្កើតជាទីតាំងផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងពាណិជ្ជកម្មដ៏រស់រវើក។

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍ដែរថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជា​រឿងភាសាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាផ្សារភ្ជាប់ពាណិជ្ជកម្ម នវានុវត្តន៍ សន្តិភាព និងសាមគ្គីភាពរវាងប្រជាជាតិ។

ព្រឹត្តិការណ៍”ភូមិហ្វ្រង់កូហ្វូនី” បានដំណើការចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជ​ធានីភ្នំពេញ ។ភូមិហ្រ្វង់កូហ្វូនី ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ២០២៦ ៕
ដោយ៖ម៉ា ដេប៉ូ,ជាវ ចន្ធូ
រូបភាព៖ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner