រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាឱ្យស៊ើបអង្កេត និងចាត់វិធានការ ក្រោយរកឃើញមន្ត្រីខ្មោចជាងពីរពាន់នាក់ក្នុងក្របខ័ណ្ឌនគរបាលជាតិ

ក្រសួងមហាផ្ទៃបានរកឃើញទិន្នន័យ «មន្ត្រីខ្មោច» ដែលមានឈ្មោះស្ទួនចំនួនជាងពីរពាន់នាក់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ ថ្លែងក្នុងពិធីបើកដំណើរការជំរឿនមន្ត្រីនគរបាលជាតិកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកតួលេខនេះថាជាបញ្ហាដ៏ធ្ងន់ធ្ងរ និងបានបញ្ជាឱ្យមានការស៊ើបអង្កេតស្វែងរកឫសគល់​ដើម្បីចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹង ដោយគ្មានការយោគយល់ឡើយ។
 
ការរកឃើញទិន្នន័យស្ទួន ឬ «មន្ត្រីខ្មោច» ប្រមាណ ២.២០០នាក់នេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកថា​ជា​តួលេខ​ដ៏ច្រើន និងពិបាកទទួលយក ដែលទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ពីមូលហេតុ និងនាំឱ្យកើតមានកំហុសនេះ។ ប្រមុខក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានការដោះស្រាយដល់ឫសគល់ទេ បញ្ហានេះនឹងនៅតែបន្តកើតមានឡើងវិញ ទោះបី​ជាមានការធ្វើជំរឿនសារជាថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំមុខទៀតក៏ដោយ។
 
យុទ្ធនាការធ្វើជំរឿនមន្ត្រីនគរបាលជាតិក្នុងឆ្នាំ២០២៦ នេះ មិនមែនគ្រាន់តែជាការរាប់ចំនួនមន្ត្រីធម្មតានោះឡើយ ប៉ុន្តែវាគឺជាជំហានគន្លឹះ ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ពង្រឹងវិន័យកងកម្លាំង និងការពារថវិកាជាតិពីការខាតបង់។ ជាមួយគ្នានេះ ក្រសួងតម្រូវឱ្យ​មានការ​ចាត់វិធានការវិន័យយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលណាដែលមានការបន្លំឯកសារ ឬប្រើប្រាស់ឯកសារក្លែងក្លាយ ដោយមិនអាចអនុញ្ញាត​ឱ្យគេចផុតពីការទទួលខុសត្រូវឡើយ។
  
ដើម្បីដោះស្រាយ «ជំងឺប្រព័ន្ធគ្រប់គ្រង» នេះឱ្យបានជ្រះស្រឡះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវដំណោះស្រាយជាក់ស្តែង ដោយយក​ទិន្នន័យជំរឿនឆ្នាំ២០១០ មកធ្វើជាមូលដ្ឋានផ្ទៀងផ្ទាត់ រួមផ្សំជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយកំហុសឆ្គង និងកសាងមូលដ្ឋានទិន្នន័យធនធានមនុស្សដែលមានតម្លាភាព។
 
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងស្នងការនគរបាលរាជធានី-ខេត្ត​ទាំងអស់ ឱ្យចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមិនត្រូវលាក់បាំងភាពមិនប្រក្រតីណាមួយឡើយ ដើម្បីធានាថាការគ្រប់គ្រង​កងកម្លាំងនគរបាលជាតិប្រព្រឹត្តទៅដោយសុក្រឹត និងចំគោលដៅពិតប្រាកដ៕
ដោយ៖ទួន សុផល

ads banner